អាចនិយាយបានថានៅក្នុងចំណោមតារាចម្រៀងស្រីដែលអាចច្រៀងបានជាចង្វាក់កន្ទ្រឹម អ្នកនាង ខាត់ សុឃីម នៅតែមានការពេញនិយម និងគាំទ្រពីសំណាក់ពុកម៉ែបងប្អូន បើទោះបីជាសព្វថ្ងៃនេះ អ្នកនាងហាក់មានការរយាលពីវិស័យសិល្បៈ ដោយងាកទៅផ្តោតលើមុខជំនួញផ្ទាល់ខ្លួនក្តី។
យ៉ាងណាមិញ ក្រោយពេល អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង ពេជ្រ សូលីកា តារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានធ្វើការប្រគុំតន្ត្រី Solo Concert ទទួលបានភាពជោគជ័យកាលពីពេលកន្លងទៅ ស្រាប់តែអ្នកនាង ខាត់ សុឃីម តារាពហុជំនាញ បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ចង់ធ្វើ Solo Concert ដែរ តែសុំបែបលក្ខណៈ កន្ទ្រឹមវិញ។ ដោយនៅក្នុងការបង្ហោះនោះអ្នកនាង ខាត់ សុឃីម និយាយបែបនេះថា “Solo concert, Sad concert គេមានហើយ នៅឡើយ តែ កន្ទ្រឹម concert”។ ដោយឡែកក្រោយពេលម្ចាស់បទ “មេម៉ាយចាយរាង” រូបនេះបានបង្ហើបពីដំណឹងដ៏រំភើបនោះភ្លាម ស្រាប់តែមានមហាជន និង សិល្បករ សិល្បការិនី ជាច្រើន រំអុកឱ្យការធ្វើ កន្ទ្រឹម Concert របស់អ្នកនាង ខាត់ សុឃីម លេចចេញជារូបរាងផងដែរ។ ក្នុងនោះតារាចម្រៀងវ័យក្មេងកញ្ញា លីន សោម៉ា បានចូលមក Comment ថា “ដាក់មកម៉ែក្មេកកូននឹងរាំអោយពិការជើង”។ ចំណែកឯតារាកំប្លែងពូណុយវិញក៏បានចូលមក Comment ដែរថា “ដាក់មកចែ” និងមាន Comment ពីអ្នកគាំទ្រផ្សេងៗជាច្រើនផងដែរ៕