ខ្សែភាពយន្តដ៏ពេញនិយម ស្វីដហ្គេម (Squid Game) រដូវកាលទីពីរ ទទួលបានជោគជ័យមួយកម្រិតទៀតហើយ ដោយខ្សែភាពយន្តមួយនេះ ដណ្តើមបានពានរង្វាន់ “ខ្សែភាពយន្តភាសាបរទេសល្អឯក” (Best Foreign Language Series) ពីកម្មវិធីប្រគល់ពានរង្វាន់ ឃ្រិធិកខ៍ ឆយស៍ អឹវើត (Critics Choice Awards) លើកទី៣០ នៅទីក្រុង សាន់តាម៉ូនីកា (Santa Monica) រដ្ឋកាលីហ្វ័រញ៉ា (California) កាលពីថ្ងៃទី ៨ ខែកុម្ភៈ កន្លងទៅ។ ពានរង្វាន់ផ្នែក “ខ្សែភាពយន្តភាសាបរទេសល្អឯក” (Best Foreign Language Series) ដែលរឿងស្វីដហ្គេម (Squid Game) រដូវកាលទីពីរ ទទួលបាននេះ គឺបានវាយផ្តួលរឿងល្បីៗជាច្រើនដែលបានដាក់ប្រកួតជាមួយគ្នា ក្នុងនោះមានដូចជា រឿង ផាឈីនកូ (Pachinko) រដូវកាលទី 2, រឿង អាខាផល់ខូ (Acapulco), និងរឿង ម៉ាយ ប្រ៊ីលលាន ហ្វ្រ៊េន ( My Brilliant Friend) ជាដើម។
នេះគឺជាលើកទី២ហើយ ដែលរឿង ស្វីដហ្គេម (Squid Game) អាចដណ្តើមបានពានរង្វាន់មួយនេះមកគ្រប់គ្រងម្តងទៀត ពោលគឺធ្លាប់ដណ្តើមបាននៅរដូវកាលទី១ ឆ្នាំ២០២២។ ជាមួយគ្នានេះ លោក លី ជុងចេ ក៏ដណ្តើមបានពានរង្វាន់ “អ្នកសម្តែងប្រុសល្អឯក” នាពេលនោះផងដែរ។
ឃ្រិធិកខ៍ ឆយស៍ អឹវើត (Critics Choice Awards) គឺជាកម្មវិធីប្រកាសពានរង្វាន់ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានសមាគមអ្នកវិភាគកុននិងទូរទស្សន៍មកពីសហរដ្ឋអាមេរិកនិងកាណាដា ច្រើនជាង ៦០០ នាក់។ ពានរង្វាន់នេះទៀតសោត ចាត់ទុកថាជាពានរង្វាន់មួយដ៏មានកិត្យានុភាពបំផុតនៅក្នុងឧស្សាហកម្មភាពយន្ត និងវិស័យសិល្បៈ ដោយមានការទទួលស្គាល់ជាសកលផងដែរ។
យ៉ាងណាមិញទោះបីជារឿង ស្វីដហ្គេម (Squid Game) បានចេញរដូវកាលទីពីររបស់ខ្លួនក៏ពិតមែន ក៏ប៉ុន្តែរឿងមួយនេះនៅតែទទួលបានការពេញនិយមដដែល ដោយនៅរដូវកាលទី២នេះ រឿង ស្វីដហ្គេម (Squid Game) បានជាប់នៅលេខរៀងទី៣ ជារឿងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើ ណិតហ្វ្លីច (Netflix) ពោលគឺមានអ្នកទស្សនាខ្ពស់រហូតដល់ទៅ ៦៨ លានដងចាប់តាំងពីថ្ងៃដំបូង ព្រមទាំងបានបង្កើតកំណត់ត្រាការទស្សនាខ្ពស់បំផុតនៅក្នុងសប្តាហ៍ដំបូងនៃការស្ត្រីម និងថែមទាំងបានគ្រងតំណែងលេខ១ នៅក្នុងតារាងកំពូលទាំង១០ (Top10) បណ្តុំខ្សែភាពយន្តភាសាបរទេសនៅក្នុងចំណោម ៩២ ប្រទេសផងដែរ៕