កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមនាំគ្នារំពឹងថា ធីអូភី (T.O.P) នឹងមានឱកាសបានរួមសហការជាមួយក្រុម ប៊ីកប៊ែង (BIGBANG) ម្តងទៀត បន្ទាប់ពីអ្នកលេងបណ្តាញសង្គមទាំងនោះបានឃើញឈ្មោះរបស់ ធីអូភី (T.O.P) នៅតែបង្ហាញនៅក្នុងគណនេយ្យ YouTube ផ្លូវការរបស់ ប៊ីកប៊ែង (BIGBANG)។ មិនតែប៉ុណ្ណោះនៅលើប្រូហ្វាល់ អ៊ីនស្តាក្រាម (Instagram) របស់ ធីអូភី (T.O.P) ក៏នៅតែឃើញមានឈ្មោះថា ធីអូភី ឆយ សឹង យ៉ុន (T.O.P Choi Seung Hyun) ដដែល។
ដោយឡែកកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ អ្នកតំណាងរបស់ ធីអូភី (T.O.P) បានចេញមកបញ្ជាក់ជុំវិញករណីខាងលើនេះថា ឈ្មោះ “T.O.P” ដែលមាននៅលើប្រូហ្វាល់របស់ ឆយ សឹង យ៉ុន (Choi Seung Hyun) គឺមានតាំងពីដើមមកម្ល៉េះ។ អ្នកតំណាងនោះបានបន្តទៀតថា “យោងតាមរយៈការផ្តល់បទសំភាសន៍ពាក់ព័ន្ធនឹងរឿង ស្វីដហ្គេម (Squid Game) រដូវកាលទីពីរ ធីអូភី (T.O.P) មានអារម្មណ៍ថាសោកស្តាយដែលបានធ្វើឱ្យមានការប៉ះពាល់ក្រុមនូវរឿងរ៉ាវដែលបានកើតឡើងនាពេលកន្លងមក ចំណែកឯការវិលត្រលប់មកកាន់ក្រុមវិញនោះ គឺមិនមានការជួបពិភាក្សាគ្នាអ្វីទាំងអស់”។
ស្របពេលជាមួយគ្នានេះ ផលិតកម្ម វ៉ាយជី អ៊ីនធឺធេនមិន (YG Entertainment) ដែលជាអ្នកមើលការខុសត្រូវលើឆាណែល យូធូប (Channel YouTube) របស់ ប៊ីកប៊ែង (BIGBANG) ក៏បានចេញមកផ្តល់ជាពត៌មានផងដែរថា ប្រូហ្វាល់យូធូប (YouTube) របស់ក្រុមមួយនេះ មិនបានធ្វើការកែសម្រួលអ្វីនោះទេ តាំងពីបានបញ្ចេញបទចម្រៀងដែលមានចំណងជើងថា ស្ទីល ឡាយហ្វ៍ (Still Life) ពោលគឺនៅពេលដែលបានបញ្ចេញបទចម្រៀងមួយនោះ ផលិតកម្ម វ៉ាយជី អ៊ីនធឺធេនមិន (YG Entertainment) បានបង្ហាញឈ្មោះរបស់តារាចម្រៀងដូចជា ជី ដ្រាហ្គន (G-Dragon), ថេយ៉ាំង (Taeyang), ធីអូភី (T.O.P) និងដេស៊ុង (Daesung) ក្នុងនាមជាអ្នករួមចំណែកនៅក្នុងបទមួយនេះតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ធីអូភី (T.O.P) បែរជាទទួលបានការចាប់អារម្មណ៍សារជាថ្មី ក្រោយពេលដែលបានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្ត ស្វីដហ្គេម (Squid Game) រដូវកាលទី២ ដែលបានដើរជាតួអង្គ អ្នកចូលរួមលេងហ្គេមពាក់ស្លាកលេខ ២៣០ ជាតារាចម្រៀងរ៉េបធ្លាក់កូដ សម្រេចចិត្តចូលរួមលេងនៅក្នុងហ្គេមមួយនោះ បន្ទាប់ពីមានបំណុលជាច្រើនពីការលេងគ្រីបតូ តាមយូធូបបឺរ៍ ម្នាក់៕