កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើទំព័រហ្វេសប៊ុកផ្លូវការតារាចម្រៀង ទេព បូព្រឹក្ស បានចេញមក Live យំរៀបរាប់រឿងតូចចិត្ត ពាក់ព័ន្ធនឹងទំព័រហ្វេសប៊ុកមួយឈ្មោះថា “អាក្លូ” បានចេញវីដេអូត្រូល (Troll) ការ ឌីស ធ្រេកខ៍ (Diss Track) រវាងតារាចម្រៀងរ៉េបលោក ជី ដេវីត និង លោក វណ្ណដា ប៉ុន្តែជ្រុលមាត់និយាយហួសបន្ទាត់ក្រហម ប៉ះពាល់ដល់កិត្តិយស អ្នកនាង ទេព បូព្រឹក្ស និងកូនប្រុសរបស់អ្នកនាង។ ការប៉ះទង្គិចផ្លូវចិត្តរបស់អ្នកនាង ទេព បូព្រឹក្ស រហូតមានការចេញមក Live រៀបរាប់ទាំងទឹកភ្នែកនេះ គឺនៅត្រង់ឃ្លាមួយដែលបាននិយាយថា “មិនដូចអាអ្នកខ្លះ កូនកើតទាន់ម៉ែឳការ”។ អ្នកនាងទេព បូព្រឹក្ស បានឱ្យដឹងនៅក្នុងការ Live ខាងលើនេះថា កន្លងមករឿងបញ្ហាលោក ជី ដេវីត គឺអ្នកនាងមិនដែលចូលលូកលាន់នោះទេ ព្រោះរឿងមនុស្សប្រុសទុកឱ្យមនុស្សប្រុសជាអ្នកដោះស្រាយ ដោយឡែករឿងមនុស្សធំ និយាយតែជាមួយមនុស្សធំទៅបានហើយ មិនចាំបាច់យកក្មេងមកពាក់ព័ន្ធជាមួយនោះទេ ហើយហេតុអ្វីបានជាយកក្មេងមកនិយាយនៅក្នុងវីដេអូនេះ? តើក្មេងខុសអី?
ជាមួយគ្នានេះ នៅក្នុងការ Live របស់អ្នកនាង ទេព បូព្រឹក្ស ទៀតសោត លោកជី ដេវីត ក៏បានផ្តាំទៅផេកត្រូលខាងលើនេះថា “រឿងខ្ញុំទាំងអស់ ខ្ញុំអ្នកទទួលខុសត្រូវខ្លួនឯង ហើយបើសិនជាប៉ះខ្ញុំគឺខ្ញុំអូខេ តែបើប៉ះគ្រួសារខ្ញុំ ឬក៏ប៉ះកូនខ្ញុំ អញឱ្យអ្ហែងហែកមេឃរត់”។
យ៉ាងណាមិញ នៅយប់ថ្ងៃដដែលនេះ លោក ជី ដេវីត បានចេញការជូនដំណឹងមួយនៅលើទំព័រហ្វេសប៊ុករបស់លោកថា នឹងដំណើរការរឿងនេះតាមផ្លូវច្បាប់ និងប្តេជ្ញាយកឱ្យបាននូវកិត្តិយសជូនក្រុមគ្រួសារ និងកូនប្រុសដែលជាកែវភ្នែករបស់លោកមកវិញឱ្យបាន៕