ទោះបីជា វី (V) សមាជិកក្រុម BTS បច្ចុប្បន្នកំពុងស្ថិតនៅក្នុងជួរទាហានក៏ពិតមែន ប៉ុន្តែជារឿយៗតារាប្រុសរូបនេះតែងតែបង្ហោះរូបភាពថ្មីៗរបស់ខ្លួននៅលើបណ្តាញសង្គម វីវ៉ើស (Weverse) និង Instagram រហូត។ ដោយឡែកកាលពីពេលថ្មីៗកន្លងទៅនេះ វី (V) បានឡើងឋានន្តរស័ក្តជា ពលបាលឯកហើយ។
តាមរយៈបណ្តាញសង្គម វីវ៉ើស (Weverse) វី (V) បាននិយាយថា “ពលបាលឯកគីមគឺនៅទីនេះ! អ្នកទាំងអស់គ្នាសុខសប្បាយជាទេ?”។ ជាមួយគ្នានេះ វី (V) ក៏បានតប Comment ជាមួយអ្នកគាំទ្ររបស់ខ្លួនមួយចំនួនផងដែរ ថែមទាំងបានពោលពាក្យថា នឹក អាមមី (Army) ជាខ្លាំង។
ដូចគ្នាដែរ នៅលើបណ្តាញសង្គម Instagram តារាប្រុសរូបនេះក៏បានបង្ហោះរូបភាពថ្មីៗ អមជាមួយសារមួយយ៉ាងខ្លីថា “ពលបាលឯកគីមមកបង្ហាញខ្លួនហើយ! ពេលនេះនៅសល់តែ ១០៧ ថ្ងៃទៀតប៉ុណ្ណោះ រដូវរងារដ៏សែនត្រជាក់នឹងមកដល់ទីបញ្ចប់ ហើយខ្ញុំនឹងត្រលប់មកជួបអ្នកទាំងអស់គ្នាសារជាថ្មីនៅនិទាឃរដូវដែលកៀកនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំនឹងមើលថែខ្លួនឯងនិងថែរក្សាសុខភាពឱ្យបានល្អណា៎”។
គួរឱ្យដឹងថា វី (V) បានចូលបម្រីយោធាកាលពីខែធ្នូ ឆ្នាំ២០២៣ ហើយនឹងត្រូវបញ្ចប់ភារកិច្ចនៅក្នុងជួរទាហាន ១០៧ ថ្ងៃទៀត ដែលត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥។ ចំណែកឯសមាជិកក្រុម BTS ផ្សេងទៀតក៏នឹងត្រូវបញ្ចប់ភារកិច្ចនៅក្នុងជួរទាហាននៅក្នុងឆ្នាំនេះដូចគ្នាដែរ ហើយពួកគេនឹងត្រលប់មកកាន់វិស័យតន្ត្រីវិញឆាប់ៗខាងមុខនេះ៕