អ្នកតាមដានកំពុងមានការរន្ធត់ចិត្ត ក្រោយពេលដែលតារាសម្តែង វិក ចូវ (Vic Chou) ឬស្គាល់ថា គួចាវលើយ បានចេញមកនិយាយរឿងក្នុងចិត្តជាលើកដំបូងពាក់ព័ន្ធនឹងការស្លាប់របស់អតីតគូស្នេហ៍ បារ៍ប៊ី ហ្សូ៊ (Barbie Hsu) ឬគ្រប់គ្នាស្គាល់ថា សាន់ឆាយ នៅក្នុងរឿង F4។

ថ្លែងប្រាប់អ្នកសារពត៌មានទាំងទឹកមុខស្រពោន កាលពីថ្ងៃទី ២០ ខែកុម្ភៈ កន្លងទៅនេះ វិក ចូវ (Vic Chou) បានឱ្យដឹងថា ការកាន់ទុក្ខអ្នកណាម្នាក់វាគឺជារឿងដែលអាចធ្វើទៅបានដោយមិនលំបាកនោះទេសម្រាប់រូបលោក ប៉ុន្តែបើនិយាយពីរឿងការស្លាប់នេះដោយល្អិតល្អន់វិញ វាពិតជារឿងដ៏ឈឺចាប់មែនទែន។

វិក ចូវ (Vic Chou) បានឱ្យដឹងទៀតថា មួយរយៈពេលនេះលោកមិនសូវមានទំនាក់ទំនងជាមួយគ្រួសាររបស់ បារ៍ប៊ី ហ្សូ (Barbie Hsu) និងមិនសូវបានបង្ហាញខ្លួននៅក្នុងកម្មវិធីកម្សាន្តនានានោះដែរ ដែលជាហេតុធ្វើឱ្យមិនសូវមានឱកាសបានជួបគ្រួសាររបស់អតីតមិត្តស្រី នាង បារ៍ប៊ី ហ្សូ (Barbie Hsu) ជាដើម។ 

យ៉ាងណាមិញនៅពេលដែលមានការនិយាយដល់ពី ជនអនាមិកលួចបង្កើតគណនេយ្យក្លែងក្លាយ ដែលបានបង្ហោះសារកាន់ទុក្ខជំនួសតារាប្រុសរូបនេះវិញ លោកក៏បានបញ្ជាក់ថា លោកក៏ទើបតែដឹងពីរឿងនេះដូចគ្នាដែរ ហើយជាធម្មតាលោកក៏មិនសូវជាចាប់អារម្មណ៍គណនេយ្យក្លែងក្លាយនោះទេ លើកលែងតែការបង្ហោះណាដែលមានខ្លឹមសារខ្លាំងជ្រុលពេកប៉ុណ្ណោះ។

ដ្បិតថា នេះគ្រាន់តែជាការផ្តល់បទសំភាសន៍ខ្លីមួយរបស់ វិក ចូវ (Vic Chou) ក៏ពិតមែន ប៉ុន្តែវាពោរពេញទៅដោយអារម្មណ៍ដែលបង្ហាញឱ្យឃើញពីភាពសោកសៅ និងអារម្មណ៍ដែលនៅទាក់ទើរក្នុងចិត្តរបស់គេ។

គួរឱ្យដឹងថា វិក ចូវ (Vic Chou) និង បារ៍ប៊ី ហ្សូ (Barbie Hsu) ធ្លាប់បានសម្តែងរួមគ្នានៅក្នុងរឿង ស្នេហាបួនដួង ឬអ្នកគាំទ្រស្គាល់ថា F4 នៅអំឡុងឆ្នាំ ២០០១។ ក្រោយមកទៀត ទំនាក់ទំនងរបស់ពួកគេក៏បានវិវឌ្ឍពីមិត្តរួមការងារទៅជាគូស្នេហ៍នៅក្រៅកញ្ចក់ទូរស្សន៍ ប៉ុន្តែក្រោយមកទៀតស្នេហារបស់ពួកគេក៏បានបញ្ចប់នៅក្នុងឆ្នាំ ២០០៨៕