ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើគោលដៅជាច្រើននៅតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃអង្គារ ទី18 ខែមីនានេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ 200 នាក់ ក្នុងនោះភាគច្រើន គឺជាកុមារ។ ការិយាល័យរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប៊េនចាមីន ណេតាន៉យ៉ាហ៊ូ បានចោទប្រកាន់ក្រុមហាម៉ាស់ថា បាន "បដិសេធម្តងហើយម្តងទៀតក្នុងការដោះលែងចំណាប់ខ្មាំង" ព្រមទាំងបដិសេធសំណើរបស់បេសកជនប្រចាំតំបន់មជ្ឈិមបូព៌ារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែល ក៏បានប្រកាសថា ការវាយប្រហារនឹងបន្ត ហើយនឹងពង្រីកលើសពីការវាយប្រហារតាមអាកាស។ ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ក៏បានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់អ៊ីស្រាអែលថាបានបំពានបទឈប់បាញ់ ដែលធ្វើឲ្យជោគវាសនារបស់ចំណាប់ខ្លាំងដែលនៅសេសសល់ 59 នាក់ ស្ថិតក្នុងភាពមិនច្បាស់លាស់។