វិមានក្រឹមឡាំងបានបញ្ជាក់ថា កាលពីថ្ងៃអង្គារ ទី18 ខែមីនា លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានយល់ព្រមចំពោះសំណើរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់ភាគីជម្លោះទាំងពីរ រុស្ស៊ី អ៊ុយក្រេន ក្នុងការបញ្ឈប់ការវាយលុកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមករយៈពេល 30 ថ្ងៃ។ វិមានក្រឹមឡាំងបានបន្តថា មេដឹកនាំទាំងពីរ មាន "ការពិភាក្សាគ្នាយ៉ាងលម្អិត និងស្មោះត្រង់" ជុំវិញបញ្ហាសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលលោកប្រធានាធិបតី ពូទីន បានបញ្ជាក់ថា ដំណោះស្រាយជម្លោះ ត្រូវតែមានភាព "ទូលំទូលាយ និរន្តរភាព និងយូរអង្វែង" ព្រមទាំងគិតគូរពីផលប្រយោជន៍សន្តិសុខផ្ទាល់ខ្លួនរបស់រុស្ស៊ី និងមូលហេតុដើមនៃសង្គ្រាម។ លោកប្រធានាធិបតី ពូទីន ក៏បានលើកឡើងអំពី "ចំណុចសំខាន់ៗ" ជុំវិញការត្រួតពិនិត្យ និងតាមដានអំឡុងពេលនៃបទឈប់បាញ់ ដោយលើកឡើងអំពីការព្រួយបារម្ភថា អ៊ុយក្រែន អាចប្រើពេលវេលានេះ ដើម្បីប្រមូលផ្តុំកងកម្លាំងបន្ថែម និងរៀបចំខ្លួនឡើងវិញ។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ពូទីន បានយល់ព្រមបញ្ឈប់ជាបណ្តោះអាសន្ននូវការវាយប្រហារទៅលើរោងចក្រថាមពលអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនគាំទ្របទឈប់បាញ់រយៈពេល 30 ថ្ងៃពេញលេញនោះទេ ហើយក៏បានសង្កត់ធ្ងន់ថា ដំណោះស្រាយនៃជម្លោះណាមួយនឹងតម្រូវឲ្យមានការបញ្ចប់ជំនួយផ្នែកយោធា និងចារកម្មទាំងអស់ដល់ប្រទេសអ៊ុយក្រែន។