រដ្ឋបាលខណ្ឌកំបូលបានរៀបចំពិធីអបអរសាទរបើកការប្រកួតបាល់ទាត់ពានរង្វាន់ខណ្ឌកំបូលរដូវកាលទី៤ ឆ្នាំ២០២៥ នៅទីលានបញ្ជាការដ្ឋានកងទ័ពពិសេស ដែលពិធីបើកធ្វើឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ នៃបញ្ជាការដ្ឋានទ័ពពិសេស និងលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការខណ្ឌ នាយទាហាន នាយទាហានរង និងពលទាហាន សិស្សានុសិស្ស យុវជនស.ស.យ.ក គ្រូបង្វឹក កីឡាករ និងសាធារណជន សរុបចំនួនប្រមាណ២០០០នាក់។

ចំពោះការបង្កើតពានរង្វាន់បាល់ទាត់ខណ្ឌកំបូលនេះឡើង គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡា និងក្នុងគោលបំណងពង្រឹងចំណងសាមគ្គីភាព ភាតរភាព និងការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងយុវជននៅក្នុងខណ្ឌកំបូល និងជាការលើកទឹកចិត្តដល់យុវជនឱ្យចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីពង្រឹងសុខភាពរាងកាយឱ្យមានភាពរឹងមាំ និងលើកកម្ពស់សុខភាពផ្លូវចិត្តដែលជាទ្រព្យសម្បត្តិដ៏ប្រពៃមិនអាចកាត់ថ្លៃបាន។ 

គួរបញ្ជាក់ផងដែរថា ផ្អែកលើបទពិសោធន៍ និងភាពជោគជ័យនៃការរៀបចំកម្មវីធីប្រកួតបាល់ទាត់ពានរង្វាន់ខណ្ឌកំបូល ចំនួន៣រដូវកាលកន្លងមក រដ្ឋបាលខណ្ឌកំបូល បានរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ខណ្ឌកំបូល រដូវកាលទី៤ ដែលមានក្រុមកីឡាករចូលរួមប្រកួតប្រជែងចំនួន ១៤ក្រុម មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូលមានដូចជា៖

១-ក្រុមបាល់ទាត់កំបូល A 

២-ក្រុមបាល់ទាត់កំបូល B

៣-ក្រុមបាល់ទាត់កន្ទោក A 

៤-ក្រុមបាល់ទាត់កន្ទោក B

៥-ក្រុមបាល់ទាត់បឹងធំ A

៦-ក្រុមបាល់ទាត់បឹងធំ B

៧-ក្រុមបាល់ទាត់បឹងធំ C

៨-ក្រុមបាល់ទាត់ប្រទះឡាង

៩-ក្រុមបាល់ទាត់ភ្លើងឆេះរទះ

១០-ក្រុមបាល់ទាត់ស្នោរA

១១-ក្រុមបាល់ទាត់ស្នោរ B

១២-ក្រុមបាល់ទាត់ឳឡោក

១៣-ក្រុមបាល់ទាត់វិទ្យាល័យកំបូល

១៤-ក្រុមបាល់ទាត់បញ្ជាការដ្ឋានទ័ពិសេស៩១១

ឆ្លៀតក្នុងឱកាសនេះផងដែរ រដ្ឋបាលខណ្ឌ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល ដែលបានជួយឧត្ថម្ភគាំទ្រនូវថវិកាជាច្រើនដល់ដំណើរការរៀបចំការប្រកួត។   ទន្ទឹមនេះ រដ្ឋបាលខណ្ឌ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ នៃបញ្ជាការដ្ឋានទ័ពពិសេស ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហការល្អ និងគាំទ្រដល់រដ្ឋបាលខណ្ឌកំបូលលើរាល់សកម្មភាពនានា ជាពិសេស បានជួយសម្រួលផ្តល់ទីតាំងសម្រាប់រៀបចំពិធីបើកការប្រកួតនាថ្ងៃនេះ និងផ្តល់តារាងបាល់ទាត់សម្រាប់ការប្រកួតរបស់ក្រុមកីឡាករផងដែរ។ ជាមួយគ្នានេះ ក៏សូមអរគុណចំពោះសប្បុរសជននានាដែលបានជួយឧត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈដល់ការរៀបចំការប្រកួត។

យ៉ាងណាមិញ ក្នុងជំនួបបើកការប្រកួតបាល់ទាត់ពានរង្វាន់ខណ្ឌកំបូលរដូវកាលទី៤ ឆ្នាំ២០២៥ ក្រុមបាល់បាល់ទាត់សង្កាត់កំបូល (A)  បានយកឈ្នះ ក្រុមបាល់ទាត់សង្កាត់កន្ទោក (A) ក្នុងលទ្ធផល ៣ទល់និង១។