ទីស្នាក់ការថ្មី និងកីឡដ្ឋានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងធ្វើឡើង នៅជាយរាធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងមហាសន្និបាត លើកទី១៩ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នេះ។
តាមដំណើរការសាងសង់មានខ្ទង់ចំណាយថវិកា ប្រមាណ ៤លាន៤សែនដុល្លារអាមេរិក ដែលជាជំនួយពីសហព័ន្ធកីឡាបាល់ទាត់ និងបញ្ចប់ចុងឆ្នាំ២០២៦។ ហើយកីឡដ្ឋានសម្រាប់កីឡដ្ឋានគោកធ្លកនេះ អាចផ្ទុកទស្សនិកជនសរុបបាន១២០០០នាក់។ ក៏ប៉ុន្តែដំណាក់កាលដំបូងត្រឹម៤២០០នាក់សិន៕
យ៉ាងណាមិញ សម្រាប់មហាសន្និបាត លើកទី១៩ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំឡើងក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា និង ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមជាមួយថ្នាក់ដឹកនាំ តំណាងសមាគម-ក្លិបបាល់ទាត់ មន្ទីរអប់រំយុវជននិងកីឡា២៥រាជធានី-ខេត្ត នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ។