កណ្តាល ៖
គឺជាភាពវៀងវៃនៃសមត្ថកិច្ចប៉ុស្តិ៍ព្រែកអំបិល ក្រោយជនសង្ស័យពីរនាក់ ជិះម៉ូតូបុកក្មេងអោយដួល សមត្ថកិច្ចឃើញអត្តចរិតជនសង្ស័យមិនស្រួល ក៏ឆែករកឃើញនូវសារធាតុញៀនបន្ថែមទៀត ដែលហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១៤និង៤០នាទីថ្ងៃទី០៥ខែមីនាឆ្នាំ២០២៥ នៅចំណុច ភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរៈសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យ មានចំនួន០២នាក់៖ ១-ឈ្មោះ សំអាត អ៊ាងលី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិអន្លង់តាសេកលើ, ២- ឈ្មោះ ផុន លឹម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ មានទីលំនៅភូមិព្រែកគ្រួស ដែលជនសង្ស័យទាំងពីរនាក់វិជ្ជមានសារធាតុញៀន និង មានទីលំនៅក្នុងដែន
រដ្ឋបាល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ចំពោះសម្ភារៈ និងវត្ថុតាងចាប់យក មាន៖ សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០១ កញ្ចប់តូចទម្ងន់ ០,២១ក្រាម, ម៉ូតូមួយគ្រឿងម៉ាក SUZUKI Nex ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ1K- 9491 ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីឈ្មោះ ថុន ក្នុងមួយកញ្ចប់តំលៃ២០០០០៛(ពីរម៉ីនរៀល)។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តអនុវត្តចាត់ការតាមនីតិវីធី៕