រាជធនីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការ នៃសមាជិកក្រុមប្រឹក្សាភិបាលទីភ្នាក់ងារ ប្រឆាំងដូប៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ក្នុងពិធីនេះដែរមានការចូលរួមពី ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានកីឡាសិស្សនិសិត្ស លោក យាន គីស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ព្រមទាំងអស់លោក លោកស្រីពាក់ព័ន្ធនានា ។
វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡារៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ ជាគ្រូបង្វឹក មន្ត្រីកីឡា និងមកពីសហព័ន្ធកីឡាជាតិគោលដៅចំនួន៣៧នាក់។ វគ្គនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង និងការពិន័យទោសទណ្ឌដែលកើតឡើងក្រោយការរកឃើញថាមានការរំលោភលើវិធានប្រឆាំងដូពីង ជាពិសេសសិក្ខាកាមអាចបន្តចែករំលែកពីអ្វីដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាល ដូចជាការបញ្ចូលទិន្នន័យរបស់អត្តពលិកនៅក្នុងប្រព័ន្ធ។
នាឱកាសបើកវគ្គបណ្តុះបណ្តាលនេះដែរលោកជំទាវ រដ្ឋលេខាធិការប្រចាំការ និងក្នុងនាមក្រសួងអប់រំ យុវជន និងកីឡាបានមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិកម្ពុជា” នាពេលនេះ។ លោកជំទាវក៏បានធ្វើការកោតសរសើរ និងឱ្យតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ចបានល្អប្រសើរ និងខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅ ប្រទេសបានជោគជ័យ៕