ស្វាយរៀង៖
បន្ទាប់ពីមានករណីផ្ទុះគ្រាប់លាន់រង្គើផ្អើលអស់ពលរដ្ឋក្នុងភូមិ សង្ស័យថាផ្ទុះគ្រាប់មីនតោន ចំកណ្តាលផ្ទះវីឡាតឿមួយខ្នងនោះ បណ្តាលឲ្យបាក់បែកខូចខាតផ្ទះទាំងស្រុង ប៉ុន្តែសំណាងល្អម្ចាស់ផ្ទះចេញមកលក់ដូរ នៅតូបខាងមុខផ្ទះផុត ហើយការផ្ទុះនោះគឺជាករណីផ្ទុះផាវគ្រាប់បែកនិងកាំជ្រួច នេះបើតាមការបញ្ជាក់ពីលោក យូ យ៉េន មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រាសាទក្រុងបាវិត ។
បើតាមលោក យូ យ៉េន មេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប្រាសាទ បានឲ្យដឹងថា៖នៅវេលាម៉ោង០២និង៥នាទីរសៀលថ្ងៃទី២១ មីនា ២០២៥ នៅចំណុចផ្ទះជាងបុកអណ្តូង ដែលមានយីហោ «សីពៅ» មានទទួលជួសជុល និងបុកអណ្តូងតូចធំគ្រប់ប្រភេទដែលស្ថិតនៅភូមិ កណ្តាល សង្កាត់ ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីផ្ទុះគ្រាប់ បណ្តាលអោយខូចខាតផ្ទះស្ទើរទាំងស្រុងនិងដាក់ការសង្ស័យថាផ្ទុះហ្គាស់ឬមីនតោននោះ សមត្ថកិច្ច បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
លោកមេប៉ុស្តិ៍ បានបន្តទៀតថា៖ក្រោយពីផ្ទះមួយខ្នង រងការខូចខាតទាំងស្រុង នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៥ សមត្ថកិច្ចយើង បានសហការជាមួយខាងស៊ីម៉ាក់ ចុះពិនិត្យរកសំបកផ្ទុះនៅទីតាំងផ្ទះរងគ្រោះ។
បន្ទាប់ពីពិនិត្យរកសំបកផ្ទុះនោះរួចមក ខាងស៊ីម៉ាក់ បានរកឃើញថាមិនមែនជាមីនតោនឬផ្ទុះធុងហ្គាសអ្វីនោះទេ ដោយសំបកកាំជ្រួចនិងផាវគ្រាប់បែក ដែលមានចំនួនច្រើនផ្ទុះ បណ្តាលឲ្យខូចខាតផ្ទះរងគ្រោះ។
សូមបញ្ជាក់ថា៖ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ុក ពិសី សំណាងល្អខ្លាំងណាស់ មុនពេលកើតហេតុ រូបគាត់បានដើរចេញមកតូបលក់ដូរខាងមុខផ្ទះ ស្រាប់តែឮសំឡេងផ្ទុះគ្រាំងកក្រើកដី ឃើញផ្ទះរបស់គាត់ប៉ើងដុំថ្ម និងដំបូលផ្ទះខ្ទាតឡើងលើ ផ្សែងហុយខ្មួលខ្មាញ់ឡើងលើ គាត់ភ័យតក់ស្លុតយ៉ាងខ្លាំងនិង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតាមដងផ្លូវ មកចោមរោមមើលពីចម្ងាយដោយមិនហ៊ានចូលជិត ៕