ភ្នំពេញ ៖

បុរសម្នាក់ត្រូវបានឃាតករធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃហើយវាយសម្លាប់រួចដឹកយកទៅកប់ចោលនៅក្រោមដើមត្នោតកណ្ដាលវាលស្រែនៅខាងកើតវត្តជុំទាំងដៃទាំងពីរជាប់ខ្នោះ ។ ហេតុការណ៍ប្រទះឃើញសាកសពនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលារសៀលថ្ងៃទី ១១ខែមីនាឆ្នាំ២០២៥នៅកណ្តាលវាលស្រែក្នុងភូមិធ្លក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សពបុរសរងគ្រោះពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយគេសង្ស័យថា ជាជនជាតិចិន ។

តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ១១និង៣០នាទី ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥ មានស្ត្រីម្នាក់បានធ្វើដំណើរទៅមើលដីស្រែរបស់ខ្លួនក៏ប្រទះឃើញសាកសពដែលត្រូវបានគេកប់អត់ជិតចេញជើងរួចក៏រាយការណ៍ទៅសមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ។

តាមព័ត៌មានឱ្យដឹងទៀតថា ជនរងគ្រោះត្រូវបានគេធ្វើទារុណកម្មនិងវាយសម្លាប់រយៈ ប្រមាណពី ២០ទៅ ៣០ថ្ងៃដោយស្ថានភាពសាកសពស្អុយរលួយ ទ្រោមស្វិត ទៅហើយ ។

តាមការត្រួតពិនិត្យកន្លែងកើតហេតុគេរកឃើញប៉ែលដែលត្រូវឃាតករយកទៅជីកកប់ជនរងគ្រោះ។ចំណែកសាកសពត្រូវបានឃាតករបិតម៉ាស់មុខ,យកអាវរុំមុខនិងញ៉ុកមាត់ហើយដៃទាំងពីរវាខ្នោះទៅក្រោយ។បន្ទាប់ពីត្រួតពិនិត្យគ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានី ភ្នំពេញ ក៏បានសន្និដ្ឋានថា ជាករណីឃាតកម្ម ។

សពត្រូវបានឃាតករធ្វើទារុណកម្មវាយនិងខ្ទប់ដង្ហើមសម្លាប់ ។

បើតាមព័ត៌មានគេមានការ សង្ស័យជាករណីជម្រិតទាប្រាក់នៅកន្លែងណាមួយហើយ ក្រុម ជនសង្ស័យបានវាយសម្លាប់ជនរងគ្រោះហើយដឹកយកទៅកប់ចោលតែម្ដង។ ទោះបីជា យ៉ាងណាសមត្ថកិច្ចពុំបានផ្ដល់ព័ត៌មានណាមួយដោយព្យាយាមហាមអ្នកសារព័ត៌មានមិនឲ្យថតផ្សាយ ៕