ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ប៊េនចាម៊ីន ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យបន្តការវាយប្រហារលើតំបន់ហ្គាហ្សា។ លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានបញ្ជាឲ្យបើកការវាយប្រហារសារជាថ្មីលើតំបន់ហ្គាហ្សា ដោយថាក្រុមសកម្មប្រយុទ្ធហាម៉ាស បានច្រានចោលសំណើដើម្បីបន្តបទឈប់បាញ់។ ភ្លាមៗ បន្ទាប់ពីការវាយប្រហារ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សប្រមាណ 400 នាក់ និងជំរុញត្រលប់ទៅរកភាពចលាចលវិញ បន្ទាប់ពីការស្ងប់ស្ងាត់អស់រយៈពេលជាង 2 ខែ ចាប់តាំងពីបទឈប់បាញ់ចាប់ផ្តើម ស្របពេលដែលអ៊ីស្រាអែលបានព្រមានថា ការវាយលុកនេះ គឺ "គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ"។ គួរបញ្ជាក់ផងដែរថា ទាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានចោទប្រកាន់គ្នាទៅវិញទៅមក ថាបានបំពានលើបទឈប់បាញ់។