តារាចម្រៀងសាច់សខ្ចី នីកូ ក្រៅពីមានទឹកដមសំនៀងផ្អែមស្រទន់ដ៏ទាក់ទាញហើយនោះ លោកក៏ត្រូវបានមហាជនទទួលស្គាល់ ទៅលើការតុបតែងខ្លួនដ៏ទាន់សម័យត្រូវចិត្តមិត្តយុវវ័យផងដែរ។ ដ្បិតថា តារាចម្រៀងរូបនេះ ជានិច្ចជាកាលបានបញ្ចេញបទចម្រៀងរបស់ខ្លួនជារឿយៗក៏ពិតមែន ក៏ប៉ុន្តែបទចម្រៀងរបស់លោកនីមួយៗ សុទ្ធតែជាបទដែលមានគុណភាព និងទទួលបានការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនមិនតិចនោះដែរ ។ 

យ៉ាងណាមិញ ឱ្យតែកៀកដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នីកូ តែងតែបញ្ចេញបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍របស់ខ្លួនមិនដែលខាននោះឡើយ។ ក្នុងនោះបទចម្រៀងល្បីៗដែលមានការគាំទ្រយ៉ាងច្រើនលើសលប់នាពេលកន្លងមក មានដូចជាបទ “Like 1”, “ចូកមួយ”, និង “រាំរង្វើល” ជាដើម។ ដោយឡែក នៅក្នុងឆ្នាំនេះវិញ នីកូ ក៏មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនមានការខកបំណងដូចគ្នាដែរ ដោយលោកបានបញ្ចេញបទចម្រៀងដ៏ថ្មីសន្លាងមួយ សម្រាប់អបអរថ្ងៃបុណ្យចូលឆ្នាំថ្មីដែលនឹងមកដល់នាពេលខាងមុខនេះ ដោយបទមួយនោះមានចំណងជើងថា “រាំតាមខ្ញុំ” កំពុងឆក់បានអារម្មណ៍ប្រិយមិត្តអ្នកស្តាប់មិនតិចនោះទេ។ ក្រោយពេលបទនេះបានបញ្ចេញត្រឹមតែរយៈពេលប៉ុន្មានថ្ងៃសោះ ស្រាប់តែមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីមហាជន មិនតែប៉ុណ្ណោះបើក្រឡេកទៅមើលសិល្បករ សិល្បការិនីឯណោះវិញ ក៏មានការសាទរចំពោះបទមួយនេះដូចគ្នាដែរ ដោយគេសង្កេតឃើញថា បងប្អូនតារាខ្មែរបានយកបទខាងលើ ទៅរាំលេងកម្សាន្តនៅលើ Platform TikTok និងនៅតាមបណ្តាញសង្គមនានាជាដើម ។

នេះចាត់ទុកថា ជាសញ្ញាដ៏ល្អមួយសម្រាប់បទ “រាំតាមខ្ញុំ” របស់លោក នីកូ ដែលជាបទសម្រាប់ស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០២៥ នេះផងដែរ៕