កណ្តាល៖ 

ផ្សែងខ្មួលខ្មាញ់ចេញពីដីឡូត៌មិនស្គាល់ម្ចាស់មួយកន្លែង ដែលផ្តើមដោយមនុស្សដុតខ្សែភ្លើងយកស្ពាន់លក់អោយអេតចាយក្លាយជាអគ្គិភ័យ ឆេះរាលដាលព្រៃដីមួយហិកតា ផ្អើលអាជ្ញាធរនិងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យអស់០៣រថយន្តកាលពីវេលាម៉ោង១៧និង៣០នាទី នៅចំណុចខាងកើតផ្លូវលេខ115 ចម្ងាយ ៥០ម៉ែត្រ ស្ថិតក្នុងភូមិដើមរាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោក យ៉ាវ ឡេង ចៅសង្កាត់កំពង់សំណាញ់ ដែលដឹកនាំកម្លាំងអន្តរាគមន៍ដោយផ្ទាល់បានមានប្រសាសន៍ថា÷ទីតាំងដែលឆេះនេះ គឺស្ថិតនៅខាងកើត ជាប់របងថ្មដីឡូត៌មិនស្គាល់ម្ចាស់ដែលបានទុកចោល កើតជាព្រៃដុះស៊ុបទ្រុប ឯនៅផ្នែកខាងកើតជាប់គឺជា ឃ្លាំងផ្ទុកសម្ភារ:ដ៏ធំរបស់ក្រុមហ៊ុនមួយ  ហើយ ការឆេះនេះ តាមការសន្និដ្ធាន មូលហេតុគឺបណ្តាលមកពីមានមនុស្សដុតខ្សែភ្លើងយកស្ពាន់លក់អោយអេតចាយ កម្ទេចភ្លើងក៏បានហើរធ្លាក់ទៅខាងក្រៅរបងថ្ម ប៉ះលើស្មៅនិងដើមឈើព្រៃដែលងាប់ដើមស្ងួត ក៏បណ្តាលអោយឆេះរាលដាលកាន់តែខ្លាំង  ទើបលោកចៅសង្កាត់សម្រេចចិត្ត សុំជំនួយ រថយន្តពន្លត់អគ្គីភ័យ មកជួយបាញ់ទឹកពន្លត់ បានទាន់ពេលវេលា ៕