កាលពីរសៀលថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ក្នុងនោះការប្រកួតចែកចេញជាពីរប្រកួត ដោយការប្រកួតលើកទី១ ជាការប៉ះគ្នារវាងក្រុមបាល់ទាត់គុនខ្មែរ និងក្រុមបាល់ទាត់មួយថៃ ចំណែកឯការប្រកួតលើកទី២ ជាការប៉ះគ្នារវាងក្រុមបាល់ទាត់តារាកម្ពុជា និងតារាថៃ។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមបាល់ទាត់នីមួយៗប្រឹងប្រែងរកគ្រាប់បាល់រៀងៗខ្លួន រហូតធ្វើឱ្យកីឡាករតំណាងឱ្យក្រុមបាល់ទាត់តារាកម្ពុជា លោក សេង មង្គល បានប៉ះទង្គិចគ្នាជាមួយកីឡាករម្នាក់តំណាងឱ្យក្រុមបាល់ទាត់តារាថៃ រហូតមានការបែកក្បាលឈាមហូរស្រោចពេញមុខតែម្តង។ 

យ៉ាងណាមិញ ក្រោយពេលបានឃើញហេតុការណ៍បែបនេះរួចមក មហាជនជាច្រើនបានបង្ហាញអារម្មណ៍តក់ស្លុត និងមានការព្រួយបារម្ភទៅលើអាការរបស់លោកជាខ្លាំងផងដែរ។

ដោយឡែក កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់តារាប្រុសរូបនេះបានបង្ហោះសារមួយជូនទៅកាន់អ្នកគាំទ្ររបស់ខ្លួនយ៉ាងដូច្នេះថា “ខ្ញុំបានដេរមុខរបួសរួចហើយ អរគុណបងប្អូនទាំងអស់គ្នាចំពោះការបារម្ភ និងការជូនពរ”៕