ប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យ 2 ខែមីនាថា លោកជឿជាក់ថា លោកអាចសង្គ្រោះទំនាក់ទំនងរបស់លោកឡើងវិញជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បន្ទាប់ពីការប៉ះទង្គិចពាក្យសំដីនៅក្នុងកិច្ចប្រជុំនៅសេតវិមានសហរដ្ឋអាមេរិក។ នៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយដែលធ្វើឡើងកាលថ្ងៃសុក្រ ទី28 ខែកុម្ភៈ លោក ត្រាំ បានចោទប្រកាន់លោក ហ្សេលេនស្គី ពីការមិនដឹងគុណចំពោះជំនួយរបស់សហរដ្ឋអាមេរិក និងមិនគោរពដល់ប្រទេសរបស់លោក ហើយថា គោលជំហររបស់លោក ហ្សេលេនស្គី អាចបង្កជាហានិភ័យនៃសង្គ្រាមលោកលើកទី 3។ លោក ហ្សេលេនស្គី បានបន្តថា លោកមិនគិតថាសហរដ្ឋអាមេរិកនឹងបញ្ឈប់ជំនួយដល់អ៊ុយក្រែននោះទេ តែទោះជាយ៉ាងណា ក៏លោកបានត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមណាមួយដែលអាចកើតមាន ហើយលោកនៅតែត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ដែលបានស្នើឡើងជាមួយសហរដ្ឋអាមេរិក។