ថ្ងៃចន្ទ ទី31 ខែមីនានេះ នាយករដ្ឋមន្ត្រីប្រទេសថៃ លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានចុះទៅកាន់ទីតាំងបាក់រលំអគារដែលកំពុងសាងសង់មួយខ្នង នៅក្នុងទីក្រុងបាងកក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត 7.7 រិចទ័រ វាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីចុងសប្តាហ៍មុន។ លោកស្រី ផេថុងថាន បានប្រកាសសន្យាគាំទ្រ និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ឧបករណ៍បន្ថែម ឬជំនួយតាមតម្រូវការ ដើម្បីបន្តស្វែងរកជនរងគ្រោះដែលនៅកប់ជាប់ក្រោមគំនរបាក់បែក។ គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីដែលវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ទី28 ខែមីនា បានសម្លាប់ជិវិតមនុស្សប្រមាណជិត 2000 នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលរំញ័រពីការរញ្ជួយ ក៏បានបង្កឲ្យបាក់រលំអគារខ្ពស់ដែលកំពុងសាងសង់មួយខ្នងនៅក្នុងប្រទេសថៃ ដែលបានសម្លាប់ជិវិតមនុស្សយ៉ាងហោចណាស់ 18 នាក់ និងប្រមាណ 76 នាក់ទៀតនៅជាប់ក្រោមអគារ។