តារាសម្តែងដែលពូកែវោហារស័ព្ទកំប្លុកកំប្លែងលោក ម៉ាដូណា មួយរយៈនេះហាក់មានការមមាញឹកនឹងវិស័យសិល្បៈជាខ្លាំង។ ជាមួយគ្នានេះ កាលពីថ្ងៃទី ២៣ ខែមីនា កន្លងទៅ តារាប្រុសរូបនេះបានបញ្ចេញបទចម្រៀងថ្មីមួយក្រោមមានចំណងជើងថា “ទឹកអីហ្នឹងអូនប្រៃឡប់” សម្រាប់ត្រៀមថ្ងៃចូលឆ្នាំថ្មី ដោយបានការចូលរួមសម្តែងពីតារាកំប្លែងល្បីៗជាច្រើនរូបផងដែរ។

ដោយឡែក ស្របពេលដែល នៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យនានា កំពុងតែមានការរៀបចំសង្ក្រានឆ្នាំថ្មី ស្រាប់តែលោក ម៉ាដូណា បានបង្ហោះសារមួយនៅលើហ្វេសប៊ុករបស់លោក ដោយបានផ្តាំទៅអ្នកអញ្ជើញលោកទៅកម្មវិធីសង្ក្រាន្តថា ឆ្នាំនេះលោកសុំជាលុយ មិនសុំជាបណ្ណសរសើរនោះទេ ដោយកន្លងមកលោកបានជួយអស់ជាច្រើនឆ្នាំមកហើយ។ ម៉ាដូណា សរសេរនៅក្នុងការបង្ហោះនោះថា “កុំអន់ចិត្តអ្នកហៅទៅជួយសង្រ្គាន្តចូលឆ្នាំ សុំនិយាយត្រង់កុំអន់ចិត្ត ខ្ញុំលែងចង់បានបណ្ណសរសើរហើយ ជាច្រើនឆ្នាំនេះខ្ញុំជួយច្រើនណាស់ ឥឡូវចង់បានលុយវិញ”។

ក្រោយពេលលោក ម៉ាដូណា បានបង្ហោះសារបែបនេះរួចមក ស្រាប់តែលោក អ៊ឹម ជីវ៉ា បានចេញមកគាំទ្រ ដោយលើកឡើងយ៉ាងដូច្នេះថា “គាំទ្រម៉ាដូណា មិនមែនកាន់ជើងម៉ាដូណាទេ តែធាតុពិតចឹងមែន ដូចខ្ញុំចឹងខំជួយគេស្ទើរគ្រប់កម្មវិធីក្នុងសង្គម មិនដែលបាលុយ១រៀល ទៅជួយគេនៅពេទ្យ ពេលឈឺ ពេលមានទុក្ខ ពេលគេស្លាប់ ដល់ពេលខ្ញុំមានទុក្ខ មានបងប្អូនបង្កើតស្លាប់ កុំថាឡើយទៅបុណ្យ ឬចូលបុណ្យ គ្រាន់តែឆាតចូលរូមរំលែកទុក្ខគ្មានផង ! ឥឡូវឃើញខ្ញុំមិនសូវជួយអ្នកណាឬទៅកម្មវិធីច្រើនដោយសារខ្ញុំ គឺចាប់ផ្តើមរាប់អានមើលមនុស្ស ហើយកុំថាខ្ញុំបក្សពួក គឺអត់ទេ ព្រោះមកពីមនុស្សនៅជុំវិញខ្លួនជាអ្នកបង្រៀនខ្ញុំ ។ តែជឿថាអំពើល្អមិនសាបសូន្យ” ៕