លោក Koji គ្រូបង្គោលបាល់ទាត់ជម្រើសជាតិកម្ពុជាបានលើកឡើងថា នេះទទួលខុសត្រូវទាំងស្រុងរបស់លោក ពីព្រោះការជ្រើសរើសកីឡាករ និងការរៀបចំក្រុមលេងគឺជាការសម្រេចរបស់លោក ហើយលោកសុំទោសអ្នកគាំទ្រ។
នេះជាការលើកឡើងរបស់គ្រូបង្គោលកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅក្រោយបញ្ចប់ការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាញ់ក្រុមជម្រើសជាតិអារូបា ដោយលទ្ធផល ១-២ នៅក្នុងជំនួបមិត្តភាពអន្តរជាតិ យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក Koji បានគូសបញ្ជាក់ថា លោកទទួលខុសត្រូវទាំងស្រុង សម្រាប់លទ្ធផលនេះ ហើយលោកសុំទោសដល់អ្នកគាំទ្រទាំងអស់។ នេះជាលទ្ធផលដែលលោកសោកស្តាយ និងក្រៀមបំផុតជាលើកដំបូង គិតចាប់តាំងពីលោកបានដឹកនាំក្រុមយុវជនជាច្រើនឆ្នាំមកនេះ។ គ្រូបង្វឹកកម្ពុជា ដែលជាជនជាតិជប៉ុនរូបនេះបន្ថែមថា លោកសោកស្តាយចំពោះលទ្ធផល និងមិនធ្លាប់មានពីមុនមកចាប់តាំងពីលោកដឹងនាំពីក្រុមថ្នាលយុវជនរហូតដល់ក្រុមជម្រើសជាតិឈុតធំ។ លោក Koji បន្ថែមថា កីឡាករអារូបាមានកាយសម្បទារឹងមាំ ការតាំងចិត្តខ្ពស់ ជាពិសេសតំបន់ប្រយុទ្ធ ដែលបង្កការលំបាកដល់ប្រព័ន្ធការពារនៅការប្រកួតដើមវគ្គទីមួយ ហើយធ្វើឱ្យក្រុមកម្ពុជារបូត ២គ្រាប់។
ចំពោះលោក ម៉ាវិច ប៊ឺមូដែស (Marvic Bermudez) គ្រូបង្គោលអារូបា (ARUBA) បានលើកឡើងដែរថា លោកគិតថា កីឡាករកម្ពុជាខកចិត្តខ្លាំង។ ដូច្នេះហើយពួកគេក៏មិនអាចគ្រប់គ្រងអារម្មណ៍ បន្ទាប់មកគេក៏ទទួលបានកាតក្រហម ពីព្រោះគេគិតថាវាជាការប្រកួតដែលងាយស្រួល។ លោកនិយាយបន្ថែមទៀតថា ការឈ្នះរបស់ក្រុមអារូបា គឺបូកផ្សំនឹងកាយសម្បទារបស់កូនក្រុមរបស់លោកអំណោយផលជាងកម្ពុជា ហើយការប្រកួតបានចូលក្បួនលេងរបស់លោក គឺ ការការពារ និងវាយបកបានល្អ។
គួរបញ្ជាក់ថា ក្រុមភ្ញៀវ អារូបា បានបើកការនាំមុខ២គ្រាប់ នៅវគ្គទី១ ហើយនៅវគ្គទី២ ក្រុមម្ចាស់ផ្ទះកម្ពុជាធ្វើសម្រចបាន១គ្រាប់តាមពីក្រោយវិញ ដោយកីឡាករ Nick Taylor។ នេះជាការប្រកួតមិត្តភាពអន្តរជាតិទី២ ក្នុងខែមីនា ឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមវៀតណាម នៅប្រទេសវៀតណាម ដោយលទ្ធផល ១ទល់២ដែរ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥៕