ភ្នំពេញ៖ បន្ទាប់ពីទទួលបានការសហការជាមួយនឹងក្លឹបប្រដាល់ British Boxing School សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានកំណត់ថ្ងៃប្រកួតតេស្តសមត្ថភាពរវាងក្រុមជម្រើសជាតិ និងកីឡាករ កីឡាការិនីតាមបណ្ដាក្លឹបរួចរាល់ហើយ ដែលមានរយៈពេល៥ខែ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ តទៅ ។

ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានឱ្យដឹងថា៖ កម្មវិធីបោះជំរំហ្វឹកហាត់ ក៏ដូចជាការប្រកួតដកស្រង់បច្ចេកទេស ដែលជាការហ្វឹកហាត់រួមគ្នារវាង ក្រុមជម្រើសជាតិ និងកីឡាករ កីឡាការិនី នៅតាមបណ្ដាក្លឹបប្រដាល់សកលទាំងអស់ ដោយកម្មវិធីនេះនឹងរៀបចំឡើងរៀងរាល់ ២សប្ដាហ៍ម្ដង នៅសាលហ្វឹកហាត់កីឡាប្រដាល់សកលកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ឯកឧត្តមបន្តថា៖ គោលបំណងសំខាន់របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដែលរៀបចំកម្មវិធីនេះឡើង ដើម្បីផ្ដល់ឱកាសដល់ក្រុមជម្រើសជាតិ និងកីឡាករ កីឡាការិនីតាមបណ្ដាក្លឹប ដែលហ្វឹកហាត់ប្រដាល់សកលតែមួយមុខ មកប្រកួតតេស្តសមត្ថភាព និងផ្លាស់ប្ដូរបច្ចេកទេសគ្នាទៅវិញទៅមក ។ ជាពិសេស គឺការត្រៀមចូលរួមប្រកួតដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសថៃ មកជូនកម្ពុជា នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។

គួបញ្ជាក់ផងដែរថា៖ កម្មវិធីប្រកួតដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សហការជាមួយនឹងក្លឹបប្រដាល់ British Boxing School នេះ មានចំនួន ៦ប្រកួត ប្រើពេល ៥ខែ ចំពោះកាលបរិច្ឆេទ និងពេលវេលាប្រកួត មានដូចខាងក្រោម៖
- ការប្រកួតដំបូង នឹងចាប់ផ្ដើមនាថ្ងៃទី៣០ ខែមីនា វេលាម៉ោង ១១ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ។
- ការប្រកួតលើកទី២ ចាប់ផ្ដើមនាថ្ងៃទី១៩ ខែមេសា វេលាម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល។
- លើកទី៣ ចាប់ផ្ដើមនាថ្ងៃទី០៣ ខែឧសភា វេលាម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល។
- លើកទី៤ ចាប់ផ្ដើមនាថ្ងៃទី ១៧ ខែឧសភា វេលាម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល។
- លើកទី៥ ចាប់ផ្ដើមនាថ្ងៃទី ៣១ ខែឧសភា វេលាម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល។
- លើកទី៦ ចាប់ផ្ដើមនាថ្ងៃទី ១៤ ខែមិថុនា វេលាម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល៕