សេតវិមានសហរដ្ឋអាមេរិកបានប្រកាសថា នៅក្នុងការជជែកពិភាក្សារតាមទូរសព្ទ័ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ លោកប្រធានាធិបតី ហ្សេលេនស្គី បានយល់ព្រមលើ "បទឈប់បាញ់ប្រឆាំងនឹងទីតាំងថាមពល" របស់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ ការសន្ទនាតាមទូរស័ព្ទនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី ពូទីន បានព្រមព្រៀងគ្នាលើបទឈប់បាញ់លើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ និងទីប្រឹក្សាសន្តិសុខជាតិ លោក មៃ វល បាននិយាយថា ក្រុមបច្ចេកទេសរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីការពង្រីកបទឈប់បាញ់លើតំបន់សមុទ្រខ្មៅ និងផ្លូវឆ្ពោះទៅរកបទឈប់បាញ់ពេញលេញ នៅក្នុងប្រទេសអ៊ុយក្រែន។