ភ្នំពេញ៖ 

ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់អ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា រួចយកទៅលក់បានលុយ២៥០ដុល្លារ បន្ទាប់មក ចែកគ្នាចាយវាយនិងទិញថ្នាំញៀនសេពអស់ ប៉ុន្តែក្រោយមក ជនរងគ្រោះ បានឆែកមើលកាមេរ៉ាសុវត្ថិភាពបានឃើញនិងស្គាល់មុខជនសង្ស័យទាំងនោះ ក៏បានឃាត់ខ្លួនប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង០៥នាទីព្រឹក (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលតាមផ្លូវបេតុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

ជនសង្ស័យទី១,ឈ្មោះ ឈួន ធារី ហៅ ចក់ អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ទី២,ឈ្មោះ លី សុខផល អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឈ្មោះ បៀន សីហា អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ បាត់បង់ម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពណ៌លឿង ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខភ្នំពេញ 1LK-9347 លេខតួ373362 និងលេខម៉ាស៊ីន52373612 ។

ក្រោយពេលសាកសួរ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយ ក្រោយពេលលួចបានសម្រេច បានយកឲ្យបក្ខពួកម្នាក់ទៀតឈ្មោះ កា ភេទប្រុស នាំយកទៅលក់ឲ្យជនសង្ស័យម្នាក់ទៀតឈ្មោះ យួន ភេទប្រុស អាយុប្រមាណ២៥ឆ្នាំ ក្នុងតម្លៃ២៥០ដុល្លារ (ពីររយហាសិបដុល្លារអាមេរិក) រួចបានយកលុយចែកគ្នាចាយវាយ និងទិញថ្នាំញៀនជក់អស់ហើយ ៕