រាជធានីភ្នំពេញ ៖
រថយន្តស្ទូច១គ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន អត់គោរពភ្លើង ស្តុប ក៏ជ្រុលទៅបុករះម៉ូតូចំនួន៣គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុបតាមផ្លូវ៥០ម៉ែត្រ កែង៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៥ ។
ខណៈនោះ បានបណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់ រងរបួសស្រាល ហើយ ម៉ូតូ១គ្រឿងជាប់ក្រោមកង់រថយន្តខូចខាតទាំងស្រុង និង២គ្រឿងទៀត ដួលគរលើគ្នាជាប់រថយន្តខាងលើ ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តស្ទូច១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-7780 បើកបរដោយបុរសម្នាក់តាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ភ្លើងស្តុប បានលោតពណ៌ក្រហម ហើយរថយន្តនេះអត់ព្រមឈប់ទេ ក៏បានជ្រុលទៅបុកម៉ូតូទាំង៣គ្រឿង រួមមាន៖ម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ , ម៉ាកហុងដាភី ស៊ី អ៊ិច ពណ៌ស និងម៉ាកហុងដាឃ្លីក ពណ៌ស ដែលកំពុងឈប់រង់ចាំភ្លើងស្តុបនោះជាបន្តបន្ទាប់ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ សំណាងដែរ ដោយអ្នកជិះម៉ូតូឃើញទាន់ ហើយលោតចេញផុតទាន់ ទើបពុំមានអ្នកស្លាប់ គ្រាន់តែរបួសស្រាលម្នាក់ប៉ុណ្ណោះ។ ចំណែករថយន្តបានកិនម៉ូតូហុងដាស្កូបពី ជាប់ពីលើ រងការខូចខាតទាំងស្រុង ចំណែកម៉ូតូហុងដាឃ្លីកនិងហុងដាភី ស៊ី អ៊ិច ខ្ទាតចេញរងការខូចខាតស្រាលជាង ។
ក្រោយពេលកើតហេតុ រថយន្តបានឈប់ស្ងៀម ចំណែកបុរសដែលជាអ្នកបើកបរមិនបានរត់ទៅណាទេ បន្ទាប់មក នគរបាលខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែងនិងចាត់ការតាមច្បាប់ចរាចរណ៍ផ្លូវគោក ៕