ភ្នំពេញ៖

កម្មកររោងចក្រម្នាក់ បានរងរបួសធ្ងន់ធ្ងរ ខណៈរូបគេជិះម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកពេញទំហឹង ចំចំហៀងទ្រុងរថយន្តកូឥដ្ឋរ៉ូដឹកការ៉ូ១គ្រឿងទៀត កំពុងបើកបត់ឆ្វេងឆ្លងផ្លូវចូលបុរីជីប ម៉ុង ហើយ ម៉ូតូរបស់គេ បានរងការខូចខាតខ្ទេច១កំណាត់មុខ ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងបុរីជីប ម៉ុង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែ ជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះសូយ រីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មមករោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KQ-3604 ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នំពេញ2BY-6826 ដឹកឥដ្ឋការ៉ូបើកបរដោយបុរសម្នាក់ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាម៉ោងខាងលើ ជនរងគ្រោះចេញពីធ្វើការរោងចក្រ ហើយ បានជិះម៉ូតូទៅហូបបាយថ្ងៃត្រង់នៅផ្ទះជួល ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចស្របគ្នាជាមួយរថយន្តបង្ក។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ រថយន្តបង្កនោះ បានបត់ឆ្វេងឆ្លងផ្លូវចូលទៅក្នុងបុរីជីប ម៉ុង អត់មើលមុខមើលក្រោយទេ ជាហេតុ ធ្វើឲ្យជនរងគ្រោះវាក់គេចអត់ទាន់និងជាន់ហ្រ្វាំងឈប់ក៏អត់ទាន់ ក៏ជ្រុលទៅបុកចំទទឹងទ្រុងរថយន្តនោះពេញទំហឹងតែម្ដង ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ បានបណ្ដាលឲ្យម៉ូតូរងការខូចខាតរួញមួយកំណាត់មុខ ហើយ រថយន្តបង្ក ក្រពឹតទ្រុង ចំណែកជនរងគ្រោះដួលបោកក្បាលរងរបួសធ្ងន់ បន្ទាប់មក ត្រូវបានក្រុមសង្រ្គោះអង្គភាព៧១១ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ ក្រោយពេលកើតហេតុ នគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕