ភ្នំពេញ ៖
ពុំដឹងថាមានវិបត្តិអ្វីនោះទេ បានជាបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងឡើងលើស្ពានព្រែកព្នៅ រួចទុកម៉ូតូកង់បីចោល ហើយ បានលោតទឹកសម្លាប់ខ្លួនលិចទៅក្រោមបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី១៨ ខែមីនាឆ្នាំ ២០២៥ ចំណុចលើស្ពានព្រែកព្នៅ ហៅស្ពានឧកញ៉ាលីយ៉ុង ផាត់ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធាមីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពាន បានឃើញកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IC-8505 បើកមកឈប់នៅលើស្ពានព្រែកព្នៅ ហៅស្ពានឧកញ៉ាលីយ៉ុងផាត់ ហើយ ខណៈនោះ ម្ចាស់បានលោតទឹកសម្លាប់ខ្លួនដោយពុំទាន់ដឹងពីមូលហេតុ បន្ទាប់មក ពួកគេ ក៏បាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទាក់ទងទៅក្រុមគ្រួសារ រួចធ្វើកំណត់ហេតុប្រគល់កង់បីឥណ្ឌា ឲ្យទៅក្រុមគ្រួសារយកទៅផ្ទះវិញ៕