ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ានាថ្ងៃសុក្រ ទី28 ខែមីនានេះ ដោយជំរុញឲ្យប្រជាជនចាកចេញពីអគារនានាក្នុងទីក្រុងយ៉ាំងហ្គោន និងក្នុងទីក្រុងបាងកករបស់ប្រទេសថៃ ដែលទទួលរងរំញ័រពីការរញ្ជួយនេះ។ យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បានរាយការណ៍ថា ការរញ្ជួយដី ស្ថិតក្នុងកម្រិត 7.7 រ៉ិចទ័រ ចេញពីជម្រៅ 10 គីឡូម៉ែត្រ ហើយចំណុចកណ្តាលនៃការរញ្ជួយនេះ មានចម្ងាយប្រមាណ 17 គីឡូម៉ែត្រពីទីក្រុង ម៉ានដាឡៃ របស់ប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនរស់នៅប្រមាណ 1.2 លាននាក់។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានច្បាស់លាស់ទាក់ទងនឹងការស្លាប់ រងរបួស ឬការខូចខាត ដែលបង្កមកពីការរញ្ជួយនេះនោះទេ។