នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានរៀបចំពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ ក្នុងពិធីបើកការប្រកួតនេះដែរ ក៏មានការចូលរួមពីសំណាក់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីកងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡាករ កីឡាការីនី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ។

លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានបញ្ជាក់ថា ការប្រកួតកីឡា សិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា២០២៤-២០២៥ រៀបចំរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ មាន៤ប្រភេទកីឡាគឺ កីឡាអត្តពលកម្ម កីឡាបាល់ទាត់ កីឡាបាល់ទះ និងកីឡាប៊ូល និងប៉េតង់ មានក្រុមកីឡាចូលរួមសរុបចំនួន ៥២ក្រុម ( កីឡាករ-កីឡាការិនី សរុបចំនួន ៥៧០នាក់ ស្រី ១៦៨ នាក់ ប្រតិភូ គ្រូបង្វឹកសរុបចំនួន ១២៨នាក់ ស្រី២៥នាក់ ) សរុបរួម ៦៩៨នាក់ ស្រី១៩៣នាក់។ 

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា ក្មួយៗ កីឡាករ និងកីឡាការិនីទាំងអស់ ជាពិសេសអ្នកដែលទទួលបានជ័យលាភី ត្រូវបន្តប្រឹងប្រែង ហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំតាមការណែនាំរបស់គ្រូបង្វឹកបន្ថែមទៀត ដើម្បីលើកម្ពស់សមត្ថភាពឱ្យកាន់តែខ្លាំង ដណ្តើមបានមេដាយក្នុងការប្រកួតនៅថ្នាក់ជាតិ នាពេលខាងមុខ និងប្រែក្លាយខ្លួនទៅជាកីឡាអាជីព ទទួលបានប្រាក់ចំណូលខ្ពស់សម្រាប់បង្កើន ជីវភាពក្រុមគ្រួសារ និងសូមក្មួយៗ ទាំងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីការសេពគប់គ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ ព្រោះថាគ្រឿងញៀននិងគ្រឿងស្រវឹង វាបានធ្វើឱ្យយើងគ្រប់គ្នាបាត់បង់សតិដឹង បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូរ និងខូចអនាគតខ្លួនឯងផ្ទាល់ គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង។ ទន្ទឹមនឹងនោះ សូមក្មួយៗទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវពាក់មួយសុវត្ថិភាព គោរពសិទ្ធិអាទិភាព ចេះយោគយល់គ្នាក្នុងការបើកបរ ព្រោះថាការបើកបរដោយធ្វេសប្រហែសតែងតែបណ្តាលឲ្យយើងមានគ្រោះថ្នាក់ អាចបាត់បង់ដល់ជីវិត ពិការភាព និងខូចទ្រព្យសម្បត្តិ។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខំប្រឹងប្រែង ចាប់តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់នេះ ដោយមិនគិតនឿយហត់ យកអស់កម្លាំងកាយចិត្ត ស្តែងចេញនូវការទទួលខុសត្រូវខ្ពស់ យុត្តិធម៌ ហើយអនុវត្តបានល្អប្រសើរតាម និយាមបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួត និងជុំរុញឱ្យការប្រកួត ទាំងមូលឱ្យមានដំណើរការល្អ និងទទួលបានជោគជ័យ ។

ឆ្លងតាមរយៈការប្រកួតយ៉ាងក្លៀវក្លាអស់រយៈពេល០៦ថ្ងៃកន្លងមកនេះ ជាលទ្ធផលមានដូចខាងក្រោម៖

១. គ្រឹះស្ថានសិក្សាក្រោមឱវាទនៃរដ្ឋបាលក្រុងកែប ទទួលបានមេដាយសរុបចំនួន ២៩គ្រឿង ក្នុងនោះមេដាយមាសចំនួន ១០គ្រឿង មេដាយប្រាក់ចំនួន ១១គ្រឿង និងមេដាយសំរិទ្ធិចំនួន ៨គ្រឿង។

២. គ្រឹះស្ថានសិក្សាក្រោមឱវាទនៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ទទួលបានមេដាយសរុបចំនួន ២២គ្រឿង ក្នុងនោះមេដាយមាសចំនួន ០៧គ្រឿង មេដាយប្រាក់ចំនួន ០៦គ្រឿង និងមេដាយសំរិទ្ធិចំនួន ០៩គ្រឿង។

៣. វិ.បរ ហស ចរិយាវង្ស ទទួលបានមេដាយសរុបចំនួន ១២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៦គ្រឿង មេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរិទ្ធិចំនួន ៤គ្រឿង។

៤. វិ.ហស ចំកាដូង ទទួលបានមេដាយសរុបចំនួន ១៣គ្រឿង ក្នុងនោះមេដាយមាសចំនួន ៥គ្រឿង មេដាយប្រាក់ចំនួន ៣គ្រឿង និងមេដាយសំរិទ្ធិចំនួន ៥គ្រឿង។

៥. អនុវិ.សង្គមរាស្ត្រនិយមក្រុងកែប ទទួលបានមេដាយសរុបចំនួន ៩គ្រឿង ក្នុងនោះមេដាយមាសចំនួន ៣គ្រឿង មេដាយប្រាក់ចំនួន ៤គ្រឿង និងមេដាយសំរិទ្ធិចំនួន ២គ្រឿង។

៦. អនុវិ. ហស ក្រុងកែប ទទួលបានមេដាយសរុបចំនួន ៩គ្រឿង ក្នុងនោះមេដាយមាសចំនួន ២គ្រឿង មេដាយប្រាក់ចំនួន ៤គ្រឿង និងមេដាយសំរិទ្ធិចំនួន ៣គ្រឿង។

៧. អនុវិ.ពងទឹក ទទួលបានមេដាយសរុបចំនួន ៦គ្រឿង ក្នុងនោះមេដាយមាសចំនួន ២គ្រឿង មេដាយប្រាក់ចំនួន ៣គ្រឿង និងមេដាយសំរិទ្ធិចំនួន ១គ្រឿង។

៨. អនុវិ.ហស អង្កោល ទទួលបានមេដាយសរុបចំនួន ៤គ្រឿង ក្នុងនោះមេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរិទ្ធិចំនួន ២គ្រឿង៕