ភ្នំពេញ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការប្រកួតអុកចត្រអង្គរសង្ក្រាន្ដ ដោយបញ្ចូលការប្រកួតវិញ្ញាសាកុមារ និងនិស្សិត។ ការប្រកួតជម្រុះ យកនិស្សិតឆ្នើម២រូប លើកីឡាអុកចត្រង្គ បានបញ្ចប់ហើយនាព្រឹកថ្ងៃទី២៦ មេសា ដោយនិស្សិត ឃឹម ឃឹម និង ស្រី រដ្ឋនា ឡើងទៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាមួយនិស្សិត ៥នាក់ផ្សេងទៀត។
និស្សិតទាំង ២នាក់នេះ នឹងត្រូវប្រកួតជាមួយជើងខ្លាំងទាំង ៨នាក់ផ្សេងទៀត ដែលនឹងមកពីបណ្ដាខេត្តនានា ។ ជើងខ្លាំងទាំង៨នេះ ត្រូវចម្រាញ់ចេញពីការជម្រុះនៅទីក្រុងភ្នំពេញ មុនឡើងទៅប្រកួតនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។. ចំណែកវិញ្ញាសាកុមារវិញ មានអ្នកចូលរួមប្រកួត ចំនួន ១១នាក់។ ក្នុងចំណោមនោះ កុមារ ៤រូប នឹងត្រូវឡើងទៅប្រកួតនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ មានដូចជា កុមារា យ៉ាន តាយអ៊ី មកពីវិទ្យាល័យកំបូល ក្លិបសេះចម្បាំង, កុមារា ជឹង ផេងឡេង មកពីសាលាគោកបីជាន់, កុមារា សេង វុត្រា មកពីសាលាចំណេះទូទៅបេសអេដ និងកុមារា ឈាវ បូរិន្ទ មកពីសាលាអាមេរិចកាំងហ្គោលឌិនហ្គេត។
លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ ការដាក់វិញ្ញាសាប្រកួតអុកចត្រង្គសម្រាប់កុមារ គឺស្របទៅតាមទិសដៅរបស់សហព័ន្ធ ក្នុងការប្រមូល និងបណ្ដុះបណ្ដាលធនធានថ្នាល។ លោក គីមឡុង ចាត់ទុកថាធនធានថ្នាលទាំងនេះ នឹងក្លាយជាតំណាងឲ្យកម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាអន្ដរជាតិនានា។
«គោលដៅសហព័ន្ធកីឡាជាតិទាំងអស់ គឺត្រូវការបណ្ដុះបណ្ដាលធនធានថ្នាល។ យើង ត្រូវសម្រួចកុមារទៅតាមនិស្ស័យ និងសក្ដានុពលរបស់គាត់ ឲ្យខ្លាំងតាំងពីវ័យក្មេងទៅ។ កីឡាអុកយើងក៏ដូចគ្នា គឺយើងត្រូវការបណ្ដុះបណ្ដាលធនធានពីកុមារទៅ។ ឆ្នាំនេះ ល្អមែនទែន ដោយយើង មានការរៀបចំឲ្យមានការប្រកួតកីឡាសម្រាប់កុមារ ជាពិសេសគឺកីឡាបែបប្រពៃណីវប្បធម៌របស់យើង។»។ លោក គុជ គីមឡុង បាននិយាយដូច្នេះ៕