ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជើងឯកយុវជន ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិកបានបញ្ចប់ដោយជោគជ័យ ដោយសហព័ន្ធសម្លឹងបានធនធានជាជ័យលាភីល្អៗមួយចំនួន ក្នុងការត្រៀមប្រមូលផ្តុំថ្នាលបន្តវេនហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
នេះបើតាមការគូសបញ្ជាក់របស់លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងបទសម្ភសន៍មួយ នៅក្រោយបញ្ចប់ការប្រកួត។ លោកបន្ថែមថា ជាការកត់សម្គាល់ ការរៀបចំការប្រកួតឆ្នាំ២០២៥ទទួលបានចូលរួមច្រើន ដោយសារតែបើកទូលាយដល់កុមារា កុមារី គ្រប់ជាតិសាសន៍ មកពីក្លឹប សាលាឯកជនជាច្រើន ដែលមានចំនួនកីឡាករ កីឡាការិនីចូលរួមសរុប ២២៨នាក់ ដោយចំនួននេះបានកើនឡើងទ្វេរដង បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កន្លងទៅ។ អ្វីដែលសំខាន់លើលក្ខណៈបច្ចេកទេស គឺកុមារា កុមារីចាប់ពីវ័យ៧-៨ឆ្នាំឡើងនេះ គឺជាមូលដ្ឋានគ្រឹះ ក្នុងការចាប់ផ្តើមយល់ដឹងពីរបៀបរបបនៃការប្រកួត ដើម្បីឱ្យឈានទៅរកកម្រិតខ្ពស់។ ការរៀបចំការប្រកួតនេះមានកម្រិតអាយុចំនួនតិចនៅឡើយហើយនៅពេលខាងមុខយើងរៀបចំកម្រិតអាយុ និងវិញ្ញាសាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
អគ្គលេខាធិការរូបនេះបន្ថែមថា បញ្ហាប្រឈមរបស់យើង គឺយើងត្រូវការការគាំទ្របន្ថែមពីវិស័យឯកជន ពីព្រោះថា ការប្រកួតលើកនេះទទួលការឧបត្ថម្ភទាំងស្រុងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និង ឯកឧត្តម អ្នកឧកញ៉ាអនុប្រធានសហព័ន្ធចូលរួមដែរ ព្រមទាំងដៃគូឧបត្ថម្ភមួយចំនួនដែរ ប៉ុន្តែនៅមានកម្រិត។ លោកសង្ឃឹមថា បណ្តាក្រុមហ៊ុននានាចាប់អារម្មណ៍ចូលរួមឧបត្ថម្ភគាំទ្រឱ្យកាន់តែច្រើន ដើម្បីជំរុញឱ្យការប្រកួតបែបនេះកាន់តែល្អប្រសើរ ពីព្រោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចង់ឱ្យប្រជាពលរដ្ឋរបស់យើងយល់ដឹងអំពីផលប្រយោជន៍នៃកីឡា ដើម្បីជួយដល់សុខភាព។ ដូច្នេះកុមារា កុមារី ដែលមកហ្វឹកហាត់ និងប្រកួតហែលទឹកនេះ គឺជាចំណុចមួយដែលល្អបំផុត សម្រាប់ពួកគាត់ក្នុងការចាប់អារម្មណ៍ និងចូលរួមក្នុងវិស័យកីឡាផង ព្រមទាំងទទួលបានការថែរក្សាសុខភាពឱ្យបានល្អផង។
លោក ហែម គីរី បានលើកឡើងថា តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជើងឯកយុវជន ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន នឹងទទួលបានការគាំទ្រពីអាណាព្យាបាលរបស់កុមារា កុមារី ក្នុងការចូលរួមឱ្យកាន់តែច្រើន។ ចក្ខុវិស័យរបស់សហព័ន្ធ គឺយើងចង់រុញឱ្យការប្រកួតនេះឱ្យក្លាយជាការប្រកួតដ៏សំខាន់មួយ ក្នុងការត្រួតពិនិត្យសមាសភាពកីឡាករ កីឡាការិនីវ័យក្មេង ត្រៀមឆ្ពោះទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ហើយកីឡាហែលទឹក ដែលជាប្រភេទកីឡាអូឡាំពិក គឺដាច់ខាតត្រូវមានដែរ។ ដូច្នេះឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធតែងតែបានណែនាំដល់មន្ត្រីបច្ចេកទេស ក្រុមការងារទាំងអស់របស់សហព័ន្ធត្រូវប្រឹងប្រែងជំរុញការប្រកួតសម្រាប់យុវជន។
ការប្រកួតនេះ សហព័ន្ធបានវាស់ស្ទង់បច្ចេកទេសរបស់កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី ក្នុងការត្រៀមកីឡាករថ្នាលបន្តវេនរបស់សហព័ន្ធ ដើម្បីប្រមូលផ្តុំក្រុមជម្រើសជាតិ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានដាក់ទិសដៅឱ្យសហព័ន្ធកីឡាជាតិសម្លឹងរកកីឡាករ កីឡាការិនីវ័យក្មេង ត្រៀមទៅឆ្នាំ២០២៩។ ការប្រកួតនេះ សហព័ន្ធក៏បានសម្លឹងឃើញធនធានកីឡាករ កីឡាការិនីល្អៗមួយចំនួន ក្នុងនោះក៏មានកីឡាករ កីឡាការិនីមានឈាមជ័រជាខ្មែរ ដែលមានឪពុកជាជនជាតិបរទេស ហើយមានម្តាយជាជនជាតិខ្មែរផងដែរ៕