ភ្នំពេញ ៖
បុរសជនជាតិចិនបើករថយន្តRANGE ROVER ខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកនិងរថយន្ត កាម៉ារីបាឡែន ដែលបើកដោយបុរសជនជាតិខ្មែរ រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីយប់ឈានចូលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៥ ចំនុចក្រោយមន្ទីរពេទ្យរុស្ស៊ី ផ្លូវ១៩៩កែងផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញបុរស៣នាក់ជនជាតិខ្មែរ រួមទាំងអ្នកបើកបររថយន្តម៉ាក កាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO 0984 បានបើកធ្វើដំណើរតាមបណ្តោយផ្លូវ ៣៤០ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំនុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែបុរសជាជនជាតិចិន២នាក់ រួមទាំងអ្នកបើកបរ បានបើករថយន្តម៉ាកRANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ 9897 តាមបណ្ដោយផ្លូវ១៩៩ទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកនិងរថយន្តកាម៉ារីបាឡែន ចំថ្ពាល់មុខចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរេចង្កូតជ្រុលទៅបុកនិងបង្គោលថ្ម នៅចិញ្ចើមផ្លូវ រងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ ។
ដោយឡែក ខាងរថយន្តRANGE ROVER វិញ រងការខូចខាតខ្ទេចផែ្នកខាងមុខ។ ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍វាស់យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដំណោះស្រាយ៕