ភ្នំពេញ ៖ 

ឃាតករដែលវាយសម្លាប់ស្ត្រីជាអតីតប្រពន្ធ ហើយ ដឹកយកសពទៅទម្លាក់ចោលនៅក្នុងដីឡូតិ៍មួយកន្លែងនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ នោះ បានគេចខ្លួនទៅចង កសម្លាប់ខ្លួននៅឯស្រុកកំណើត ខេត្តបន្ទាយមានជ័យ ។

ឃាតករដៃដល់រូបនោះ ឈ្មោះប៊ន សេងហាប់ ភេទប្រុស បានរត់គេចខ្លួនទៅចង កសម្លាប់ខ្លួន កាលពីវេលាម៉ោង៨ យប់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២៥ នៅចំណុចភូមិអូស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

តាមស្ត្រីឈ្មោះ ប៊ន សុផល អាយុ៦៥ឆ្នាំ ត្រូវជាអ៊ុំ របស់ឃាតកររូបនោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ឈ្មោះប៊ន សេងហាប់ បានធ្វើដំណើពីភ្នំពេញមកដល់ផ្ទះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយពេលមកដល់ មិននិយាយស្តីអី្វសោះគ្រាន់តែប្រាប់ថា មកលេងអ៊ុំ  ហើយ ក៏ឡើងដេកលើផ្ទះដោយនិយាយថាអត់ងងុយព្រោះជិះឡានយប់ ។ 

តាមស្ត្រីជាម្ដាយធំ បានឱ្យដឹងទៀតថាបន្ទាប់ពីធ្វើដំណើរទៅដល់ ក្មួយរបស់ខ្លួន បានដេករហូត។ លុះដល់ពេលបាយល្ងាច ប្រហែលជាម៉ោង៦ជាង គាត់ដើរទៅហៅហូបបាយ តែមិនឃើញ ក៏ដើររករហូតដល់ម៉ោង៨យប់ ក៏ប្រទះឃើញចងកនិងដើមខ្នុរ ស្លាប់នៅក្រោយផ្ទះចម្ងាយប្រហែល២០ម៉ែត្រពីផ្ទះ ។

គួរបញ្ជាក់ថាស្ត្រីរងគ្រោះឈ្មោះអ៊ុន ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានជា អានន្ន ហ្គាដេន មានទីលំនៅផ្ទះលេខ៥៨៩ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវឃាតកររូបនោះ វាយសម្លាប់ហើយដឹកសពយកទៅទម្លាក់ចោលនៅក្នុងដីឡូតិ៍ទុកចោលមួយកន្លែងតាមផ្លូវឧកញ៉ាឌីប៉ូភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥ នាទីព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ២០២៥ ។

តាមការត្រួតពិនិត្យសាកសពលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា នារីរងគ្រោះបានស្លាប់ដោយវាយក្បាល និងខ្ទប់ដង្ហើម ដែលជាករណីឃាតកម្ម។លុះនៅវេលាល្ងាចក៍ដឹងដំណឹងដល់ក្រុមគ្រួសារហើយក៍បែកធ្លាយឃាតករគឺជាអតីតប្ដីរបស់ជនរងគ្រោះ ៕