ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គភាពកីឡាក្រសួង-ស្ថាប័ន តំណាងចលនាប៉ារ៉ាឡាំពិក តំណាងចលនាស្ប៉េស្យាល់អូឡាំពិក និងសហព័ន្ធកីឡាជាតិ នៅទីស្នាក់ការរបស់ខ្លួន។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី បានថ្លែងក្នុងពិធីបើកថា ការរៀបចំមហាសន្និបាតនេះ គឺដើម្បីរំលេចឡើងនូវសមិទ្ធផលនានា ដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មហាគ្រួសារចលនាអូឡាំពិក និងកីឡាជាតិកន្លងមក ហើយត្រូវបន្ដសម្លឹងទៅមុខឆ្ពោះទៅបំពេញបេសកកម្មថ្មីៗបន្ថែមទៀតរបស់ចលនាអូឡាំពិកជាតិ ក៏ដូចវិស័យកីឡាជាតិ។
ឆ្លៀតឱកាសនេះដែរ ក្នុងនាមចលនាអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់ប្រព័ន្ធការងារកីឡាដែលបានប្រទាក់ក្រឡាគ្នា ធ្វើកិច្ចសហការគ្នាល្អ និងយ៉ាងជិតស្និទ្ធ ដោយតម្កល់ឧត្តមគតិកីឡាជាតិ និងប្រទេសជាតិជាធំរបស់សសរស្តម្ភទាំងបី ធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្រោមម្លប់សន្ដិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ទើបយើងអាចមានឱកាសបង្កើតព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្របានជោគជ័យជាបន្តបន្ទាប់ស្របទៅនឹងបាវចនា “កីឡារស់ក្នុងសន្តិភាព”។
ដូច្នេះតាមរយៈការកំណត់ចក្ខុវិស័យ និងគោលដៅការងារកីឡាច្បាស់លាស់ខាងលើ ឯកឧត្ដមបានចាត់ទុកគឺជាការជំរុញល្បឿននៃការបំពេញភារកិច្ច កាតព្វកិច្ចក្នុងការកសាងគុណភាព និងប្រសិទ្ធភាពគុណផលកីឡាឲ្យមានសង្គតិភាពនៅនឹងនិន្នាការ រីកចម្រើននៃវិទ្យាសាស្ត្រកីឡា និងបច្ចេកទេសកីឡា ពិសេសក្នុងនិន្នាការសកលនៃប្រើប្រាស់បច្ចេកវិទ្យាបញ្ញា សិប្បនិម្មិត “AI” ក្នុងវិស័យកីឡា និងចលនាអូឡាំពិកអន្តរជាតិ ស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ ។