ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ក្រោយកម្មវិធីប្រកួតកីឡាប្រដាល់អន្ដរក្លិប (Cambodia Inter Club) បានទទួលការគាំទ្រយ៉ាងផុសផុលពីសំណាក់ទស្សនិក ពិសេសជនបរទេស ដោយឯកឧត្តមបានចាត់ទុកនេះ គឺជាចលករថ្មីមួយទៀត ក្នុងការជំរុញការផ្សព្វផ្សាយ ក៏ដូចជាការអភិវឌ្ឍសម្រាប់កីឡាប្រដាល់សកលកម្ពុជា ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធបានសហការជាមួយស្ថាប័ន Cambodia Inter Club Championship រៀបចំកម្មវិធីអន្ដរក្លិប នៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីតាំង Factory សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានអ្នកគាំទ្រប្រុស-ស្រី ពិសេសជនបរទេសចូលរួមទស្សនា និងគាំទ្រយ៉ាងច្រើនកុះករ ជាមួយការប្រកួតគុនខ្មែរផង និងប្រដាល់សកលផងនេះ ។
ជាមួយការកម្មវិធីដែលមានទស្សនិកជនទស្សនាពេញទីតាំងប្រកួតនេះ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានចាត់ទុកនេះគឺជារឿងដ៏ល្អសម្រាប់សហព័ន្ធ ក្នុងការផ្សព្វផ្សាយប្រភេទកីឡាប្រដាល់សកលស្ម័គ្រចិត្ត និងអាជីព ក៏ដូចជាការប្រកួតគុនខ្មែរផងដែរ ដែលបានបំផុសនូវចលនាកីឡាជាតិជារួម ដោយឡែកសម្រាប់កីឡាប្រដាល់សកលក៏ដូច្នោះដែរ ដែលមានសន្ទុះអ្នកគាំទ្រច្រើន ពិសេសគឺជនបរទេសតែម្ដង ។
ប្រធានសហព័ន្ធដដែលបន្ថែមថា ទោះបីការរៀបចំកម្មវិធីអន្ដរក្លិបនេះ មិនទាន់ធំ តែការរៀបចំភាគច្រើនជាជនបរទេស ដែលមានបទពិសោធន៍ច្រើន និងជំនាញក្នុងការផ្សព្វផ្សាយ ។ ដូច្នេះនេះជាទុនមួយដែលសហព័ន្ធអាចសហការជាមួយដៃគូ ដើម្បីរៀបចំកម្មវិធីឲ្យកាន់តែមានលក្ខណៈអាជីពនាថ្ងៃអនាគត ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីកម្ពុជា បានចូលរួមដុសខាតសមត្ថភាព ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។