មេដឹកនាំក្រុមហួរទីសរបស់ប្រទេសយេម៉ែន លោក អាប់ឌុល ម៉ាលីក អាល់ ហួរទី បានព្រមានថា ក្រុមហួរទីស នឹងប្រឈមមុខនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកដោយកំណត់គោលដៅវាយប្រហារលើនាវាផ្ទុកយន្តហោះ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជាការឈ្លានពានរបស់អាមេរិក។ នៅក្នុងការថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក អាល់ ហួរទី បានបន្តថា ក្រុមហួរទីស កំពុងចាត់វិធានការ "ដ៏ខ្លាំងបន្ថែមទៀត" ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តប្រតិបត្តិការនៅក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា ក្រុមហួរទីស ដែលជាក្រុមចលនាប្រដាប់អាវុធកាន់កាប់ទឹកដីស្ទើរតែទាំងស្រុងរបស់ប្រទេសយេម៉ែន បានបើកការវាយប្រហារលើនាវាដឹកទំនិញដែលឆ្លងកាត់តំបន់ឆ្នេរសមុទ្ររបស់ខ្លួនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ 2023 ដើម្បីសំដែងការគាំទ្រចំពោះប្រជាជនប៉ាឡេស្ទីន ដោយជំរុញឲ្យមានការរំខានដល់ការដឹកជញ្ជូនពាណិជ្ជកម្មពិភពលោក។