ថ្លែងក្នុងឱកាសដឹកនាំក្រុមជម្រើសជាតិកម្ពុជាហ្វឹកហាត់ត្រៀមការប្រកួតជាមួយក្រុមវៀតណាម និងក្រុមជម្រើសជាតិ អារូបា លោក Koji បានលើកឡើងថា មិនមានការប្រកួតណាមួយដែលងាយស្រួលនោះទេ។

គ្រូបង្គោលកម្ពុជា លោក Koji បានគូសបញ្ជាក់ទៀតថា សម្រាប់ការគិតរបស់លោក គឺការប៉ះជាមួយក្រុមខ្លាំង ជាបទពិសោធមួយសម្រាប់ក្រុមយើង។ អ្វីដែលជារឿងសប្បាយចិត្តបំផុតនោះ គឺក្រុមជម្រើសជាតិកម្ពុជាត្រូវបានក្រុមជម្រើសជាតិវៀតណាមអញ្ជើញទៅប្រកួតជាមួយក្នុងលក្ខណៈមិត្តភាពអន្តរជាតិ ពីព្រោះវៀតណាម ជាក្រុមមួយខ្លាំង។

លោក Koji បានលើកឡើងទៀតថា សម្រាប់ក្រុមជម្រើសជាតិអារូបា (Aruba) ដែលនឹងត្រូវប្រកួតជាមួយក្រុមកម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនោះ គឺលោកមិនគិតថា ការប្រកួតណាមួយជាការប្រកួតដ៏ងាយស្រួលនោះទេ បើទោះបីជា បច្ចុប្បន្ន ក្រុមជម្រើសជាតិ អារូបា មានចំណាត់ថ្នាក់ពិភពលោក ក្រោមកម្ពុជាយ៉ាងណាក្តី។ សម្រាប់ក្រុមអារូបា ដែលយើងមិនសូវបានឮឈ្មោះនោះទេ ហើយយើងក៏មិនដឹងថា កម្រិតក្រុមជម្រើសជាតិ អារូបា ប៉ុណ្ណានោះទេ។ អ្វីដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់មុនគេ គឺការប្រកួតជាមួយក្រុមវៀតណាមជាមុនសិន។ សម្រាប់ការប្រកួតទាំងជាមួយក្រុមវៀតណាម និងក្រុមអារូបា គឺមិនងាយស្រួលនោះទេ។

សម្រាប់សមាសភាពកីឡាករកម្ពុជា ដែលត្រូវបានកោះហៅប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្តរជាតិទាំងពីរប្រកួតនេះ ត្រូវបានលោក Koji គូសបញ្ជាក់ថា កាលពីឆ្នាំ២០២៤កន្លងទៅ ដោយសារលោកមិនមានពេលគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យតាមដានកីឡាករច្រើននោះទេ ដូច្នេះការជ្រើសរើសកីឡាករអាចមានការចន្លោះប្រហោងខ្លះ។ ប៉ុន្តែការកោះហៅក្រុមជម្រើសជាតិកម្ពុជា លើកនេះ លោកបានត្រួតពិនិត្យតាមដាន ការប្រកួតលីគកំពូលកម្ពុជាបានច្រើនជាងលើកមុន ហើយលោកបានធ្វើតេស្តកីឡាករបានច្រើន ទើបលោកសម្រេចចិត្តជ្រើសរើសសមាសភាពកីឡាករ នាពេលនេះ។

សមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលប្រមូលផ្តុំនេះមានចំនួន ២៣នាក់ ដែលជ្រើសរើសដោយគ្រូបង្គោលជនជាតិជប៉ុនវ័យ ៦០ឆ្នាំ លោក Koji គឺមកពីក្លឹបព្រះខ័នរាជស្វាយរៀង មាន ៦នាក់, ភ្នំពេញក្រោន ៥នាក់, វិសាខា ៦នាក់, ណាហ្គាវើលដ៍ ២នាក់, បឹងកេត ២នាក់ និង២នាក់ទៀត មកពីក្លឹបអង្គរថាយហ្គឺរ និងISI ដង្កោសែនជ័យ។ សម្រាប់ជំនួបមិត្តភាពអន្តរជាតិចំនួន២ប្រកួត គឺទី១ ក្រុមជម្រើសជាតិកម្ពុជា នឹងចេញដំណើរទៅប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាម នៅខេត្ត Binh Duong នាថ្ងៃទី១៩ ខែមីនា និងប្រកួតទី២ ត្រៀមស្វាគមន៍ក្រុមភ្ញៀវ ជម្រើសជាតិ Aruba នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង ៧:០០យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥៕