រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ ជ័យលាភីពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី២១ កីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍លើកទី១៣ ជើងឯកកម្រិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាកដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងសហព័ន្ធកីឡាទាំង ១២ និងគ្រូបង្វឹក កីឡាករ កីឡាការិនី។
បន្ទាប់ពីស្តាប់របាយការណ៍លទ្ធផលរបស់ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងចូលរួមអបអរសាទរ ប្រធានសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានរួមកម្លាំងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការហ្វឹកហាត់រហូតទទួលបានជ័យជម្នះជាមួយនឹងមេដាយសរុប ១៦០គ្រឿង មាស ៣១គ្រឿង ប្រាក់ ៤៩គ្រឿង និងសំរឹទ្ធ ៨០គ្រឿង។ ស្នាដៃដ៏ធំធេងនេះបានធ្វើឱ្យប្រទេសយើង កាន់តែមានមោទនភាព និងកិត្តិស័ព្ទទាំងក្នុងតំបន់ និងពិភពលោក ហើយក៏បញ្ជាក់ឱ្យឃើញច្បាស់ពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងជវភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានៅកម្ពុជា។
សមិទ្ធផលនាថ្ងៃនេះ ក៏កើតចេញពីកម្មវិធីកំណែទម្រង់វិស័យកីឡា ដែលក្រសួងបានដាក់ចេញ រួមបញ្ចូលទាំងការធ្វើប្រតិភូកម្មមុខងារ ការគាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ និងការអនុវត្ដគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា យ៉ាងមានប្រសិទ្ធភាព និងគណនេយ្យភាពល្អប្រសើរ។ ក្រសួងអប់រំ យុវជន និងកីឡានៅតែបន្ដគាំទ្រ និងផ្តល់ការសម្របសម្រួលតាមគ្រប់រូបភាព ជាពិសេសការជំរុញឱ្យមានការរៀបចំការប្រកួតជើងឯកក្នុងស្រុក និងការប្រកួតក្រៅប្រទេសកាន់តែច្រើន និងផុសផុល ហើយក្រសួងនៅតែបន្ដផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ដរបស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភី ជារៀងដរាប។ ដើម្បីធានាបាននូវតម្លាភាព ប្រាក់រង្វាន់លើកទឹកចិត្តនេះ នឹងត្រូវផ្ទេរទៅគណនីធនាគាររបស់កីឡាករ កីឡាការិនីជ័យលាភីដោយផ្ទាល់។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងថ្លែងអំណរគុណដល់ ប្រធានសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបន្តចូលរួមអនុវត្តកំណែទម្រង់វិស័យកីឡា និងអប់រំកាយនៅកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងផ្តល់ជាអនុសាសន៍បីចំណុច ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជា ស្របតាមអាទិភាពកំណែទម្រង់អភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដូចជា៖
(១) សូមគ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍វិន័យ បង្កើតទម្លាប់ហ្វឹកហាត់ជាប្រចាំ រៀនដកស្រង់បទពិសោធឧត្តមានុវត្តពីប្រទេសដទៃ និងហ៊ានសាកល្បងអ្វីដែលថ្មី ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិកកម្ពុជាដោយផ្តោតលើល្បឿន ភាពរហ័សរហួន ភាពស៊ូធន់ ការកសាងកម្លាំងថាមពល និងភាពជាក់លាក់ ស្របតាមពាក្យស្លោក «ការហ្វឹកហាត់ជាប្រចាំ នាំមកនូវប្រៀបឈ្នះ!»។
(២) សូមបន្តកែលម្អទីលានហ្វឹកហាត់ ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានជុំវិញជាប្រចាំ នាំមកនូវផាសុកភាព មានលក្ខណៈអំណោយផលល្អប្រសើរ និងក្លាយជាទីកន្លែងដ៏ពេញនិយមសម្រាប់អត្តពលិក និងអ្នកលេងកីឡា។
(៣) សូមបន្តពង្រឹងយន្តការវាយតម្លៃជ្រើសរើសអត្តពលិកតំណាងជាតិឱ្យបានហ្មត់ចត់ និងតឹងរ៉ឹងជាទីបំផុត ដោយផ្អែកលើវិន័យ បច្ចេកទេស សមត្ថភាព និងទេពកោសល្យ ស្របតាមគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕