ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទការប្រកួតកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ រដូវកាលទី២ ឆ្នាំ២០២៥ ខណៈក្រុមបាល់ទាត់អគ្គស្នងការនគរបាលជាតិ បានឈ្នះជើងឯក ក្រោយពីបានយកឈ្នះក្រុមអន្តោប្រវេសន៍មានជ័យ ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រងជើងឯក ទទួលបានមេដាយមាស ពានរង្វាន់១, ក្រុមអន្តោប្រវេសន៍មានជ័យ ទទួលបានលេខ២ មេដាយប្រាក់ ខណៈលេខ៣ បានទៅលើក្រុមខុទ្ទកាល័យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក្រោយយកឈ្នះក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៤-២។ ចំពោះក្រុមឌីជីថល ទទួលបានពានរង្វាន់ក្រុម Fair Play, លោក អ៊ុង កនយ៉ានិត គ្រូបង្វឹកក្រុមអគ្គស្នងការនគរបាលជាតិ ឈ្នះពានគ្រូបង្វឹកល្អជាងគេ, កីឡាករ អ៊ុក ម៉ិច ក្រុមអគ្គស្នងការនគរបាលជាតិ ឈ្នះពានអ្នកចាំទីល្អជាងគេ, កីឡាករ កែវ កុសល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឈ្នះពានកីឡាករទាត់បញ្ចូលទីច្រើនជាងគេ។

ឯកឧត្តម តឹង សុធី ស្នងការរងរាជធានីភ្នំពេញ និងជាប្រធានដឹកនាំក្រុមអគ្គស្នងការនគរបាលជាតិថ្លែងថា អ្វីដែលជំរុញឱ្យក្រុមអគ្គស្នងការនគរបាលជាតិ បានក្លាយជាម្ចាស់ជើងឯក គឺដោយសារថ្នាក់ដឹកនាំ គ្រូបង្វឹកបានដាក់ចេញនូវយុទ្ធសាស្រ្តត្រឹមត្រូវតាម បច្ចេកទេសបាល់ទាត់ ព្រោះក្រុមចូលរួមទាំងអស់សុទ្ធតែចង់បានពាន។ ដូច្នេះ ការត្រៀមរបស់យើងមានរយៈពេលយូរ និងមានសាមគ្គីភាពក្នុងក្រុមបានល្អទាំងកីឡាករគ្រូបង្វឹក គ្រូជំនួយ និងថ្នាក់ដឹកនាំ ទើបក្រុមយើងបានលទ្ធផលល្អ។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានវាយតម្លៃថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី២ ដែលដំណើរការប្រកួតអស់រយៈពេលជាង២ខែកន្លងទៅនេះ បានដំណើរការមានភាពល្អប្រសើរខ្លាំងជាងឆ្នាំ២០២៤ ខណៈកីឡាករយល់ដឹងច្រើនអំពីច្បាប់ល្បែង និងក្រុមបាល់ទាត់ចូលរួមមានទាំងគុណភាព និងបច្ចេកទេសមកជាមួយផងដែរ។ ឯកឧត្តម យិត ភីរៈ បានគូសបញ្ជាក់ថា ដោយទទួលបានការណែនាំបន្ថែមពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គឺពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃលើកទី៣ ឆ្នាំ២០២៦នឹងពង្រីកឱ្យកាន់តែធំជាងនេះបន្ថែមទៀត ដោយបន្ថែមបញ្ចូលពីក្រុមបាល់ទាត់រាជធានីខេត្ត និងក្រុមស្នងការរាជធានី ខេត្តទៀតផងដែរ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ជាមួយនឹងទិសដៅពង្រីកព្រឹត្តិការណ៍ឱ្យកាន់តែធំប្រកបដោយគុណភាពកាន់តែល្អប្រសើរនេះ គឺដើម្បីជាការផ្តល់ឱកាសឱ្យក្រុមបាល់ទាត់រាជធានី និងស្នងការរាជធានី ខេត្ត ចូលរួមក្នុងពានរង្វាន់ក្រសួងមហាផ្ទៃ នៅឆ្នាំក្រោយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់ក្រុមបាល់ទាត់រាជធានីខេត្ត ខិតខំដុសខាត់សមត្ថភាពឱ្យបានខ្លាំងក្លា ក្នុងនោះបូករួមនឹងក្រមសីលធម៌វិន័យផងដែរ ដើម្បីឱ្យក្រុមចូលរួមទាំងអស់មានសមត្ថភាពប្រហាក់ប្រហែលគ្នា ក្នុងន័យជំរុញឱ្យការប្រកួតមួយនេះនឹងប្រព្រឹត្តិទៅកាន់តែល្អប្រសើរ។ ឯកឧត្តម យិត ភីរៈ បានសង្កត់ធ្ងន់ថា ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នឹងផ្តល់ឱកាសឱ្យអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃចូលរួមប្រកួតជារៀងរាល់ឆ្នាំនេះ គ្រោងមានការពង្រីកខ្លួនទៅជាការប្រកួតធំ ដូចការប្រកួតបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាដែរ៕