ភ្នំពេញ ៖
ជនសង្ស័យម្នាក់និងបក្ខពួក ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួននោះ ក្រោយពីជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងពីនារីបុគ្គលិកហាងផឹកស៊ីម្នាក់ កាលពី១១ថ្ងៃមុន ហើយ ត្រូវនាងពឹងឲ្យមិត្តភក្ដិស្រីម្នាក់ឲ្យជួយប្រើល្បិចខលទាក់ទងស្នេហា ទើបរកកន្លែងជននោះលាក់ខ្លួនឃើញ រួចប្ដឹងឲ្យនគរបាលជួយឃាត់ខ្លួនតែម្ដង ។
នគរបាល បានប្រាប់ឲ្យដឹងថាជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះ៖ ១,ឈ្មោះ អន សេងហ័រ អាយុ២០ឆ្នាំ គឺជាមិត្តភក្ដិនិងជាអ្នកលួចម៉ូតូនារីរងគ្រោះ ២,ឈ្មោះ ទិន វិច្ឆកា អាយុ១៨ឆ្នាំ គឺជាអ្នកផ្សំគំនិត ៣ ,ឈ្មោះ នី អាយុ១៨ឆ្នាំជាអ្នកស្នាក់នៅបន្ទប់ជួលខាងលើជាមួយគ្នា មិនជាប់ពាក់ព័ន្ធនោះទេ ប៉ុន្តែក៏ត្រូវនគរបាលឃាត់ទៅសួរនាំដែរ ព្រោះស្នាក់នៅបន្ទប់ជួលជាមួយគ្នា ។ ខណៈនោះកម្លាំងនគរបាលដកហូតបានម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិក១គ្រឿង ពណ៌សលាយលឿង ពាក់ស្លាកលេខព្រៃវែង1Y-0227 ។
នគរបាល បានប្រាប់បន្តទៀតថាចំណែកនារីរងគ្រោះឈ្មោះប៉ិច ស៊ី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាងផឹកស៊ី ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានមានស្រុកកំណើតនៅភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង បានបាត់បង់ម៉ូតូ១គ្រឿងម៉ាកGPX POP -Z ពណ៌ខ្មៅលាយស និងក្រហម ពាក់ស្លាកលេខកំពង់ឆ្នាំង1O-1412 ៕