លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានជួបជាមួយរាជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មូហាម៉េដ ប៊ីន សាលម៉ាន់ នៅព្រឹកថ្ងៃអង្គារ ទី11 ខែមីនានេះ មុនពេលនៃកិច្ចចរចារវាងមន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិក ដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងផ្តល់នូវវឌ្ឍនភាពឆ្ពោះទៅរកការបិទបញ្ចប់សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះ។ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុង ជេដា ព្រះអង្គម្ចាស់ សាលម៉ាន់ បានគូសបញ្ជាក់អំពីការគាំទ្ររបស់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយវិបត្តិនៅប្រទេសអ៊ុយក្រែន និងសម្រេចបានសន្តិភាព។ ប្រទេសអារ៉ាប៊ីសាអូឌីត បានដើរតួជាអ្នកសម្រុះសម្រួលចាប់តាំងពីប្រទេសរុស្ស៊ីបើកការឈ្លានពានរបស់ខ្លួន ក្នុងនោះរួមមានទាំងការសម្របសម្រួល ការដោះដូរអ្នកទោស និងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាកាលពីខែមុនរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ខណៈដែលកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងអ៊ុយក្រែន គឺជាកិច្ចពិភាក្សារផ្លូវការលើកដំបូង បន្ទាប់ពីជម្លោះពាក្យសំដីរវាងលោកប្រធានាធិបតី ហ្សេលេនស្គី និងលោកប្រធានាធិបតី ដូណាល់ ត្រាំ។