ភ្នំពេញ ៖
បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកចំពីមុខរថយន្តម៉ាក Toyota Prius បើកចេញពីបុរីមួយកន្លែង រួចបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៨០ ក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Prius ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BW-7221បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងចេញពីក្នុងបុរីមួយកន្លែងទិសដៅពីជើងមកត្បូង រួចបួងចង្កូតបត់ឆ្វេងកាត់តាមបណ្តោយផ្លូវ១០៨០វិញ ហើយ ភ្លាមនោះដែរ ស្រាប់ តែគេឃើញបុរសជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1HB-7162 ធ្វើដំណើរតាមបណ្តោយផ្លូវ១០៨០ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ។
ខណៈជិះមកដល់ចំណុចកើតហេតុ ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកចំពីមុខរថយន្ត Toyota Prius យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនៅហ្នឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម ហើយ ពេលនោះដែរ អ្នកបើកបររថយន្ត ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយឃាត់ប្រគល់ឲ្យសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលសង្កាត់ពន្សាំង ធ្វើការសួរនាំបន្ត។
បន្ទាប់ពីកើតហេតុ រថយន្តនិងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែក សព សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕


