ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ ទី23 ខែមីនា បានសម្លាប់មនុស្សយ៉ាងហោចណាស់ 5 នាក់ និងរាប់សិបនាក់ទៀតរងរបួស។ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនៅតំបន់ជុំវិញមន្ទីរពេទ្យនេះ បានកំណត់គោលដៅលើមន្ត្រីក្រុមហាម៉ាសដ៏សំខាន់មួយរូប ប៉ុន្តែមិនបានបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់នោះទេ ខណៈដែលយោងតាមទីភ្នាក់ងារសារព័ត៌មាន ហ្ស៊ីបាប ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារនេះ បានសម្លាប់សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស គឺលោក អ៊ីមែល បាហ៊ូម។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលក៏បានប្រកាសថា កងពលលេខ 36 របស់ខ្លួនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសលីបង់ កំពុងរៀបចំសម្រាប់សកម្មភាពដែលអាចកើតមាន និងកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរយៈពេលពីរខែនៃភាពស្ងប់ស្ងាត់ ប្រជាជនប៉ាឡេស្ទីនជាច្រើន បានផ្លាស់ទីសារជាថ្មីម្តងទៀត បន្ទាប់ពីអ៊ីស្រាអែល បោះបង់ចោលកិចុ្ចព្រមព្រៀងបទឈប់បាញ់ និងចាប់ផ្តើមយុទ្ធនាការតាមផ្លូវអាកាស និងផ្លូវគោក ប្រឆាំងនឹងក្រុមហាម៉ាស់សារជាថ្មី។