ភ្នំពេញ៖ ជាព្រឹទ្ធាចារ្យកីឡាអត្តពលកម្ម និងជាអតីតតារាសម្តែង ប៉ុន្តែនៅពេលនេះ លោក ជួង សារ៉េត មិនអាចមានសកម្មភាពដូចមុនទៀតឡើយ។ ឈានដល់វ័យ៧៩ឆ្នាំ លោកកំពុងជួបបញ្ហាសុខភាពធ្ងន់ធ្ងរដោយសារជំងឺលើសឈាម និងលើសជាតិស្ករ បណ្តាលឱ្យលោកស្វិតដៃជើង និងកម្រើកបានតែមួយចំហៀងខ្លួន។ ចាប់តាំងពីក្រោយពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤មក លោក ជួង សារ៉េត បានធ្លាក់ខ្លួនឈឺខ្លាំង ដោយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះកូនស្រីច្បង ឈ្មោះ រ៉េត លក្ខណ៍ នៅភូមិអូរូង ឃុំជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដោយមិនអាចដើររួច និងកម្រើកបានតែមួយចំហៀងខ្លួន អតីតគ្រូកីឡា និងអ្នកសិល្បៈជើងចាស់រូបនេះ ខ្វះខាតថវិកាសម្រាប់ការព្យាបាល និងដោះស្រាយជីវភាពប្រចាំថ្ងៃ។ នេះបើតាមសារសំឡេងដែលលោក គឹម សារឿន សហស្ថាបនិកក្រុមរត់ KKRC បានចែករំលែកទៅកាន់សមាជិកក្រុមដើម្បីរៃអង្គាសថវិកាសប្បុរសធម៌។
កើតនៅឆ្នាំ១៩៤៨ លោក ជួង សារ៉េត ចូលក្នុងវិស័យកីឡាអត្តពលកម្ម តាំងពីវ័យ១២ឆ្នាំ ដោយបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រ និងលោតបណ្តាក់ ៣លើក។ នាពេលនោះ លោកក៏ជាកីឡាករលេចធ្លោរមួយរូបប្រចាំវិទ្យាល័យព្រះយុគន្ធរ ផងដែរ។
រូបពីលោក ជួង សារ៉េត
លោកធ្លាប់ធ្វើជាកីឡាករអត្តពលកម្មតំណាងក្រសួងឧស្សហកម្ម ដោយឈ្នះលេខមួយថ្នាក់ជាតិនាឆ្នាំ១៩៦២ ហើយចន្លោះពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៩ លោកទទួលបានឱកាសហ្វឹកហាត់កីឡាអត្តពលកម្មជាមួយគ្រូបង្វឹកជនជាតិចិន សូវៀត និងអាល្លឺម៉ង់ នៅបុរីកីឡា។
ក្រោយរបបខ្មែរក្រហម លោក សារ៉េត បានវិលមករកវិស័យកីឡាអត្តពលកម្មវិញ តាមរយៈការងារជាគ្រូបង្វឹកប្រចាំក្លិបមន្ទីរឃោសនាការវប្បធម៌ និងព័ត៌មាន។ នៅឆ្នាំ១៩៨២ លោកជាប់ជាគ្រូជម្រើសជាតិ ព្រមទាំងមានតួនាទីជាអគ្គហិរញ្ញឹករងក្នុងសហព័ន្ធកីឡាអត្តពលកម្ម និងបង្វឹកក្រុមក្រសួងមហាផ្ទៃ។
លោកធ្លាប់ដឹកនាំអត្តពលិកទៅចូលរួមការប្រកួតជ្រើសជើងឯកយុវជនពិភពលោកនៅសហភាពសូវៀត កាលពីអំឡុងឆ្នាំ១៩៨៧ ក្នុងនាមជាគ្រូនៅក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន។ លោកក៏ធ្លាប់ជាសមាជិកគណកម្មការប្រតិបត្តិ និងជាអនុប្រធានគណកម្មការគ្រូបង្វឹកសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ផងដែរ។
រូបពីលោក ជួង សារ៉េត
ឈានដល់ឆ្នាំ១៩៨៨ លោក សារ៉េត បានប្រឡូកក្នុងវិស័យភាពយន្ត បន្ថែមពីលើការងារកីឡា។ លោកបានចូលរួមសម្តែងក្នុងរឿងជាច្រើន រហូតដល់ឆ្នាំ២០២៣ មុនធ្លាក់ខ្លួនឈឺ ដោយរឿងទាំងនោះមានដូចជា រឿងអាពាហ៍ពិពាហ៍, រនោចផុតទៅ, បេះដូងពីរចំរៀក, វណ្ណៈស្នេហ៍, ស៊ូក្ស័យសង្ខារ កុំប្រហារបេះដូង, ផ្កាដុះលើថ្ម, កន្លង់បាក់ស្លាប កូឡាបបាក់ទង, រាជនីបញ្ចពណ៌, ទោះកម្មចាំស្នេហ៍, គ្រាប់ពេជ្យ, រនាំងវណ្ណៈ, វិកលចិរក, ស្រមោលគ្រោះ, ខូចៗមែន, និរាសស្នេហ៍ឆ្លងភព, ស្អប់ជំពប់លើ, បាតដៃខ្មៅ, ម្ចាស់ព្រែក, រឿងអប់រំអនាម័យ ...។ល។
ក្នុងពេលមមាញឹកនឹងការសម្ដែងភាពយន្ដ លោកនៅអាចបំពេញតួនាទីជាគ្រូបង្វឹក ដោយបានដឹកនាំកីឡាករទៅប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិជាច្រើនដូចជា ជើងឯកមេគង្គហ្គេមនៅថៃ ឆ្នាំ២០០៦ ដណ្ដើមបានមេដាយប្រាក់១ និងសំរឹទ្ធ៩។
រូបពីលោក ជួង សារ៉េត
នៅឆ្នាំ២០១៥ គ្រូបង្វឹករូបនេះ បានដឹកនាំអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៨ នៅសិង្ហបុរី ដោយដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធិ១។ នៅឆ្នាំបន្ទាប់ លោក បានដឹកនាំអត្ដពលិកទៅប្រកួតជើងឯកសាលាអាស៊ានលើកទី៥ នៅប្រទេសថៃ។ ឆ្នាំ២០១៩ គ្រូបង្វឹកអត្ដពលកម្មរូបនេះ បានដឹកនាំអត្ដពលិកទៅប្រកួតក្នុងព្រឹត្តិការណ៍ (19THWorld Police and Fire Games) នៅ Chengdu ប្រទេសចិន។ដោយឡែក ភរិយារបស់លោក ជួន សារ៉េត បានទទួលមរណភាព កាលពី៣ខែមុន ក្នុងជន្មាយុ ៨១ឆ្នាំ លោក និងភរិយាមានកូន៦នាក់ ក្នុងនោះស្រី ៤នាក់៕
រូបពីលោក ជួង សារ៉េត