ភ្នំពេញ៖ 

ជនដៃដល់ដែលព្រួតគ្នាវាយទៅលើជនអនាថាម្នាក់ បណ្តាលឲ្យស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសុមៈ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៣នាក់ នៅក្នុងនោះ មានស្ត្រីម្នាក់ដែលបានរួមភេទជាមួយសន្តិសុខដៃដល់ ត្រូវបានឃាត់ខ្លួនផងដែរពាក់ព័ន្ធនិងសមគំនិត។ 

ជនសង្ស័យដែលត្រូវឃាត់ខ្លួន១.ឈ្មោះវ៉នថន ភេទប្រុសអាយុ ៤៦ឆ្នាំ ជាសន្តិសុខស្នាក់នៅកន្លែងធ្វើការនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ,២.ឈ្មោះពៅ ពន្លឺ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាអ្នកដឹកអីវ៉ាន់អនឡាញស្នាក់នៅផ្ទះលេខ១៩ ជាន់ទី៦ អគារទី៤បុរីកីឡា ក្នុងសង្កាត់ទួលវង់ខណ្ឌ ៧ មករា រាជធានីភ្នំពេញ មានផ្ទុកនូវសាធាតុញៀន និង៣.ឈ្មោះបុល ស្រីណុច ភេទស្រីអាយុ៣៥ឆ្នាំ ជាជនអនាថា ។ 

គួរបញ្ជាក់ថាកាលពីវេលាម៉ោង០១និង១៧នាទីយប់រំលងអាធ្រាត្រចូល ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៥ នៅចំណុចស្ពានអាកាស៧មករា មហាវិថីសហព័ទ្ធរុស្ស៊ី មុខឃ្លាំងលក់រថយន្តលីហេង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអំពើហិង្សាមួយកើតឡើងដែលបង្កឡើងដោយជនសង្ស័យមួយក្រុម បានត្រួតគ្នាវាយទៅលើជនអនាថាម្នាក់ បណ្ដាលឲ្យដេកដួលរងរបួសធ្ងន់ហើយបានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ 

ជនរងគ្រោះ ឈ្មោះ ទិត្យ ប៊ុនថា ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនអនាថា ស្នាក់នៅក្នុងខ្ទម ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយ បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង៣ទៀបភ្លឺ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសុមៈ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនសាកសួរ នៅអធិការដ្ឋាននិងចាត់ការតាមនីតិវិធី៕