កងទ័ពរុស្ស៊ី និងអ៊ុយក្រែនបានបន្តការប្រយុទ្ធនៅក្នុងតំបន់ ឃឺក របស់ប្រទេសរុស្ស៊ី ខណៈដែលក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងទ័ពរុស្ស៊ី បានកំណត់គោលដៅវាយប្រហារលើកងកម្លាំង គ្រឿងសម្ភារៈបរិក្ខារ និងប៉ុស្តិ៍បញ្ជាការរបស់អ៊ុយក្រែននៅក្នុងតំបន់ ឃឺក។ របាយការណ៍ក៏បានបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន នៅតែបន្តការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ហើយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន 6 គ្រឿងនៅក្នុងទីតាំងផ្សេងៗគ្នា។ ទន្ទឹមនឹងនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានអះអាងថា កងកម្លាំងអ៊ុយក្រែន បានវាយតបតការវាយប្រហាររបស់រុស្ស៊ីក្នុងទិសដៅជាច្រើនកន្លែង ព្រមទាំងបន្តប្រតិបត្តិការរបស់ពួកគេនៅក្នុងតំបន់ ឃឺក។ ជាងនេះទៅទៀត កងទ័ពអាកាសអ៊ុយក្រែន ក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន 65 គ្រឿង។