សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រកាសជូនដំណឹងដល់សមាគម-ក្លឹបកីឡាទូកតាមបណ្តាក្រសួង រាជធានីខេត្តទាំងអស់ថា សហព័ន្ធនឹងរៀបចំការប្រកួតធ្វើតេស្តជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ទេពកោសល្យ ក្រមសីលធម៌ល្អ ដើម្បីចូលរួមប្រមូលផ្តុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិប្រចាំឆ្នាំ២០២៥។
អគ្គលេខាធិការរង លោក គង់ សុភាព បានឱ្យដឹងថា ការប្រកួតធ្វើតេស្តនេះគឺធ្វើឡើងនៅប្រភេទកីឡាទូកកានូ កាយ៉ាក់ និងទូករ៉ូអ៊ីង និងប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ នៅថ្ងៃទី២០ ខែមីនា នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ការធ្វើតេស្តនេះផ្តោតលើការប្រកួតវិញ្ញាសាសំខាន់ៗមួយចំនួន ដូចជា រត់ចម្ងាយ ២០០០ម៉ែត្រ ឡើងបាហ្វិច Chin-Up ធ្វើតេស្តជាមួយទូកតាមវិញ្ញាសានីមួយៗ ដែលបានដាក់ពាក្យចូលរួម ដូចជា ទូកកានូ វិញ្ញាសា ២០០ម៉ែត្រ ទូកកាយ៉ាក់ ២០០ម៉ែត្រ និងទូករ៉ូអ៊ីង ៥០០ម៉ែត្រ។
ក្រៅពីនេះ ក៏ធ្វើតេស្តសុខភាព និងធ្វើតេស្តរកសារធាតុគ្រឿងញៀនផងដែរ។ ចំពោះលក្ខខណ្ឌនៃអាយុរបស់កីឡាករ កីឡាការិនីត្រូវមានអាយុពី ១៥ឆ្នាំដល់ ៣០ឆ្នាំ ត្រូវមានកាយសម្បទាល្អ សុខភាពល្អ ត្រូវចែះហែលទឹក។
កីឡាករ កីឡាការិនីត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ហើយត្រូវគោរពលក្ខខណ្ឌចាំបាច់មួយចំនួនទៀត ដូចជាមិនអនុញ្ញាតឱ្យប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ដូពីង មិនឱ្យសេពគ្រឿងស្រវឹង និងមិនអនុញ្ញាតឱ្យចេញពីជំរំហ្វឹកហាត់ជាដើម៕