កំពង់ស្ពឺ៖
បុរសវ័យចំណាស់ម្នាក់ បានបាត់ខ្លួនចំនួន២ថ្ងៃ ត្រូវបានគេប្រទះឃើញស្លាប់ អណ្តែតទឹកក្នុងស្ទឹងមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិនិងសមត្ថកិច្ចជួយអន្តរាគមន៍ស្រង់ចេញពីទឹក ដើម្បីពិនិត្យក្រែងមានករណីផ្សេង។ ការប្រទះឃើញសពបុរសវ័យចំណាស់នោះ កាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នៅចំណុចស្ទឹងជាំស្ថិតនៅក្នុង ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចស្រុកឱរ៉ាល់ បាននិយាយឱ្យដឹងថាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចស្ទឹងជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ មានប្រជាពលរដ្ឋមិនស្គាល់អត្តសញ្ញាណ បានប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចខាងលើ ។ បន្ទាប់ពីទទួលបានព័ត៌មានរួច កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវរកឃើញថាសព មានឈ្មោះ យេន វ៉ាត ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ច បានបន្តថា÷បើតាមការបំភ្លឺរបស់ឈ្មោះយេន រ៉ាន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវជាប្អូនស្រីបង្កើតរបស់សព បាននិយាយឱ្យដឹងថាឈ្មោះ យេន វ៉ាត ជាបងប្រុសរបស់ខ្លួនជាមនុស្សញៀនស្រារជាប្រចាំនិងសតិវង្វេងវង្វាន់អស់រយៈពេលជាងមួយឆ្នាំមកហើយ ។
ឈ្មោះយេន រ៉ាន បានបន្តទៀតថាបងប្រុសរបស់ខ្លួនធ្វើការជាសន្តិសុខក្នុងក្រុមហ៊ុនចំការអំពៅ ប៉ុន្តែមិនដឹងថាឈរជើងនៅចំណុចណាទេ ស្រាប់តែដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ ខ្លួនបានទទួលដំណឹងថាបងប្រុសរបស់ខ្លួនឈ្មោះ យេន វាត បាត់ខ្លួនចេញពីកន្លែងធ្វើការនៅចំណុចភូមិជាំ។ ខ្លួនគិតថាបងប្រុសវង្វេងទៀតហើយ ក៏នាំបងប្អូនដើររក តែមិនឃើញ រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ក៏មានសមត្ថកិច្ចផ្តល់ព័ត៌មានថាមានគេប្រទះឃើញសាកសពនៅក្នុងស្ទឹងជាំ ខ្លួនក៏នាំបងប្អូនមកមើលឃើញថាសាកសពអណ្តែតទឹកពិតជាបងប្រុសរបស់ខ្លួនពិតប្រាកដមែន។
ក្រោយពីធ្វើការពិនិត្យនឹងមានការឯកភាពពីសាច់ញាតិថាសពពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតមែនហើយបានប្រគល់សពជូនសាច់ញ្ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕