កាលពីថ្ងៃព្រហស្បតិ ទី6 ខែមីនា មេដឹកនាំអឺរ៉ុបបានប្រកាសគាំទ្រផែនការចំណាយបន្ថែមទៀតលើវិស័យការពារជាតិ និងបន្តគាំទ្រប្រទេសអ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសផ្អាកជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។ កិច្ចប្រជុំកំពូលក្នុងវិស័យការពារជាតិរបស់សហភាពអឺរ៉ុប ធ្វើឡើងចំពេលមានការព្រួយបារម្ភថា ប្រទេសរុស្ស៊ីដែលកំពុងធ្វើសង្គ្រាមឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែននោះ អាចនឹងធ្វើការវាយប្រហារលើប្រទេសសហភាពអឺរ៉ុបបន្ទាប់ ហើយថាអឺរ៉ុបមិនអាចពឹងផ្អែកលើសហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយទៀតទេ។ មេដឹកនាំសហភាពអឺរ៉ុបក៏បានសម្តែងការគាំទ្រចំពោះប្រទេសអ៊ុយក្រែន នឹងថា មិនអាចមានការចរចាណាមួយលើប្រទេសអ៊ុយក្រែន ដោយគ្មានវត្តមានរបស់អ៊ុយក្រែននោះទេ។